(តួកគី)៖ នាយទាហានចំនួន១៣នាក់បានបាត់បង់ជីវិត និង៤៨ផ្សេងទៀតបានទទួលរងបួស ក្នុងហេតុការ​បំផ្ទុះ​គ្រាប់​បែក​មួយ​ដែល​បាន​សំដៅ​លើ​​រថ​យន្ត​ក្រុង​ដែល​ដឹក​ជញ្ជូនពួកគេ នៅឯទីក្រុងកាយសឺរី (Kayseri) ភាគកណ្តាលនៃប្រទេសតួកគី។ នេះបើតាមកងកម្លាំងប្រដាប់​អាវុធ​តួក​គី ដែលចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។

អ្នកនាំពាក្យកងកម្លាំងយោធាប្រទេសតួកគីបានឲ្យដឹងថា «អំពើភេរវកម្មនេះបានកើតឡើងនាម៉ោង៨៖៤៥នាទី (ម៉ោងនៅតួកគី) ដោយ​សំដៅ​រកយានជំនិះដែលដឹកជញ្ជូនពលទាហាន ហើយ១៣នាក់ក្នុងចំណោម​មិត្តរួម​អាវុធរបស់យើងបានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈ​៤៨​​នាក់​​ផ្សេង​ទៀតបានទទួលរងរបួសយ៉ាងដំណំ ដែលទន្ទឹមនឹងនេះអ្នករបួសទាំងប៉ុន្មានក៏ត្រូវបានបញ្ជូនជាបន្ទាន់ទៅ​កាន់​មន្ទី​រ​ពេទ្យ​ដើម្បី​ជួយ​សង្រ្គោះ​អាយុ​ជីវិតផងដែរ ខណៈនៅក្នុងចំណោមអ្នករងរបួសអាចនឹងមានជនស៊ីវិល»។

អនុរដ្ឋមន្រ្តីនៃប្រទេសតួកគីលោក នូមែន ឃើទូលមូស (Numan Kurtumus) បានបញ្ជាក់ទៀតថា ការវាយប្រហារនេះគឺ​ជា​ការ​បំផ្ទុះ​រថយន្ត​ដែល​មាន​គោល​ដៅ​ជា​រថយន្ត​ក្រុង​ដឹក​កង​ទ័ពខាងលើ ហើយករណីនេះក៏ស្រដៀងគ្នាទៅនឹងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅខាង​ក្រៅពហុកីឡាដ្ឋានបាល់ទាត់ នៅឯទីក្រុងអ៉ីស្តង់មប៊ុលកាលពីចុងសប្តាហ៍មុននេះ ដែលបានស្លាប់ជីវិតមនុស្ស៤៤នាក់ និងបានបណ្តាល​ឲ្យ​របួសជាច្រើននាក់ផ្សេងទៀតផងដែរ៕​