(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក បារ៉ាក់ អូបាម៉ា បានថ្លែងនៅថ្ងៃសៅរ៍នេះថា​​នៅលើ​ពិភពលោក​នេះ​ គ្មាន​ទំនាក់​ទំនង​ទ្វេ​ភាគី​ណា​​​ដែលមានសារៈ​សំខាន់ជាង​ទំនាក់ទំនង អាមេរិក-ចិន ឡើយ​ ហើយប្រសិនបើចំណងទាក់ទង​រវាងប្រទេសទាំងពីរ​បានដាច់ដោចនោះ អ្នក​​រាល់គ្នានឹងខាតបង់។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារព័ត៌មានចិន​ ស៊ិនហួរ ​នៅមុននេះបន្តិច​នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០១៦។​

«ដោយផ្អែកលើសារៈសំខាន់​នៃទំនាក់ទំនងរវាង​ សហរដ្ឋអាមេរិក និងប្រទេសចិនហើយដោយផ្អែកលើ​តើ​នៅពេលដែលគ្មានវា អ្នក​ដទៃៗ​ផ្សេង​ទៀត​​​នឹងត្រូវខាតបង់​​ប៉ុណ្ណាបើគិតអំពីសេដ្ឋកិច្ចពិភពលោក, សន្តិសុខ​ជាតិ..., និង​តួនា​ទី​កាន់​តែ​សំខាន់ឡើង​របស់​ចិន​ នៅ​ក្នុង​កិច្ច​ការ​អន្តរ​ជាតិ​ជា​ដើម​​នោះវាប្រហែលជាមិនមាន​ទំនាក់​ទំនង​ទ្វេភាគី​ណាផ្សេងអាចផ្តល់សារៈសំខាន់​បែបនេះឡើយ ហើយបើសិនជាទំនាក់ទំនង​ដ៏ចាំបាច់​បំផុតមួយនេះ​​ត្រូវបានបាត់ ឬក៏ធ្លាក់ដល់ដំណាក់​កាលស្មុគស្មាញ​ទាំងស្រុងនោះ​ប្រទេសដទៃទៀត​នៅ​លើពិភពលោក​ទាំងមូល​ក៏នឹងទទួលរង​ផលវិបាកផងដែរ​​»។ នេះគឺជាសម្តី​របស់លោក បារ៉ាក់ អូបាម៉ា ដែលបានថ្លែងនៅក្នុងសន្និសីទ​សារព័ត៌មាន​លើកចុងក្រោយ​សម្រាប់ឆ្នាំ​២០១៦​​នេះ។

គួរបញ្ជាក់ថា​ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ នៅដើមខែនេះបាន​និយាយទូរស័ព្ទ​ជា​មួយ​ប្រ​ធា​នា​ធិប​តី​នៃ​​កោះ​តៃវ៉ាន់​លោក​ស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) ហើយចាប់ពីពេលនោះមក សេតវិមាន​បានចេញមុខបញ្ជាក់ម្តងហើយម្តងទៀត​ពីការប្តេជ្ញាយ៉ាងមុះមុត របស់សហរដ្ឋអាមេរិកចំពោះ «គោលនយោបាយ​ចិនតែមួយ»