(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ បានសន្យាថា​នឹងបង្កើតតំបន់សន្តិសុខ មួយនៅស៊ីរី​ដោយតម្រូវឱ្យបណ្ដាប្រទេសអារ៉ាប់ ក្នុងតំបន់ឈូងសមុទ្រហ្គូល (​Golfe) ជាអ្នកចេញប្រាក់ដើម្បី​សម្រេចវត្ថុបំណងនេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។

លោកដូណាល់ ត្រាំ នៅក្នុងសុន្ទរកថា​មួយនៅឯទីក្រុង Hersey​ រដ្ឋ Pennsylvania​ បានគូសបញ្ជាក់ចំៗថា «នៅពេល​ខ្ញុំបានឃើញអ្វីដែលកើតឡើង​នៅស៊ីរីបច្ចុប្បន្ន ខ្ញុំពិតជាខ្លោចចិត្តណាស់ ដូច្នេះយើងត្រូវតែជួយដល់​ប្រជាជនស៊ីរី [...]​  ហើយខ្ញុំនឹងតម្រូវឱ្យពួកគេ (ប្រទេសក្នុងតំបន់ឈូងសមុទ្រហ្គូល) ផ្ដល់លុយកាក់ឱ្យយើង ដើម្បីបង្កើតតំបន់​សន្តិសុខ​នៅស៊ីរី»។ ស្ថានភាពស៊ីរី​នៅពេលនេះកាន់តែ​ស្មុគស្មាញ ខណៈមនុសរាប់ពាន់នាក់ បាននិងកំពុងរត់ភៀសខ្លួន​គេច​ចេញពីទីក្រុងអាឡេប៉ូ បន្ទាប់ពីកងទ័ពរដ្ឋាភិបាលស៊ីរី បានប្រកាសពីជ័យជម្នះ​របស់ខ្លួនលើក្រុមឧទ្ទាមស៊ីរី គាំទ្រដោយ​សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើគេចាំមិនភ្លេចទេ​នៅចំពោះមុខអ្នកសារព័ត៌មាន​កាលខែវិច្ឆិកា កន្លងទៅលោក ដូណាល់ ត្រាំ ធ្លាប់បាន​និយាយធ្ងន់ៗ ដោយសំដៅទៅលើ​ប្រធានាធិបតីស៊ីរី លោក អាស្សាដ ថាវាចាំបាច់ណាស់ត្រូវតែ​បញ្ចប់​មនុស្សឆ្កួតដែលកំពុងដឹកនាំនៅស៊ីរីបច្ចុប្បន្ន៕