(តូក្យូ)៖ ព្រះចៅអធិរាជជប៉ុន អាគីហីតូ (Akihito) ក្នុងព្រះជន្ម ៨២ព្រះវស្សា មានព្រះអាការ​រោគផ្តាសាយ​និងគ្រុនក្តៅបន្តិចបន្តួច​ហើយទ្រង់ក៏​បាន​សម្រេចចិត្តលុបចោល​ព្រះរាជកិច្ចមួយចំនួន ដែលត្រូវបំពេញ​នាពេល​ព្រឹកព្រលឹម នៅក្រោយពេលដែលកាលពីដើមសប្តាហ៍នេះ ក៏​មាន​សេចក្តី​រាយការណ៍ផងដែរថា ព្រះរាជអគ្គម​ហេសី មីឈីកូ (Michiko) របស់ទ្រង់​បានទទួលរងនូវជំងឺ​រលាកទងសួត​។ នេះបើតាមមន្រ្តីនៃ​ទី​ភ្នាក់​ងារ​រៀបចំកិច្ចការព្រះរាជវាំង ដែលចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នារសៀលថ្ងៃសុក្រ ទី១៦ ​ខែ​ធ្នូ ឆ្នាំ២០១៦។

ប្រភពដដែលបានឲ្យដឹងទៀតថា ព្រះចៅអធិរាជពុំមានគំរោង​បំពេញ​ព្រះរាជកិច្ចផ្សេងទៀតនា​វេលាថ្ងៃត្រង់ ឬចុងសប្តាហ៍​នេះឡើយ ហើយទ្រង់នឹង​​សម្រាកព្រះកាយ​នៅក្នុងព្រះរាជវាំង។ ដោយឡែក​កាលពី​ខែសីហា​កន្លងទៅព្រះអង្គ អាគីហីតូ បានមានព្រះបន្ទូលថា​ទ្រង់ព្រួយព្រះទ័យថា​ ​ព្រះជន្មរបស់ព្រះអង្គប្រហែលជាអាច បង្កភាពលំបាកដល់ទ្រង់​ក្នុងការបំពេញ​ព្រះរាជកិច្ច ដែលការលើកឡើងបែបនេះ​របស់ព្រះចៅអធិរាជ ត្រូវបាន​មជ្ឈដ្ឋានសាធារណៈយល់ឃើញថា ទ្រង់មានព្រះរាជបំណងចង់ដាក់រាជ្យទៀតផង ខណៈ​វា​ជា​រឿង​ពុំ​ធ្លាប់​កើត​មាន​នៅ​ក្នុង​សម័យ​កាល​​ដ៏​ទំនើប​របស់​ជប៉ុន និងមិនអាចទៅរួច​នៅក្រោមច្បាប់បច្ចុប្បន្ន​នៃប្រទេសនេះឡើយ។

ជុំវិញបញ្ហារាជ្យ​សម្បត្តិនេះដែរ សព្វថ្ងៃគេបានសង្កេតឃើញថាមានព្រះរាជទាយាទជាព្រះបុត្រាចំនួនបួនអង្គ ដោយរួមបញ្ចូលទាំងព្រះ​រាជ​បុត្រា ហ៊ីសាហ៊ីតូ (Hisahito) វ័យ១០ឆ្នាំ ដែលជាចៅតែមួយ​អង្គគត់​របស់ព្រះចៅ​អធិរាជ។ ចំណែកឯបីអង្គផ្សេងទៀតជាចាស់ទុំវិញរួមមាន ប្អូនប្រុស​បង្កើត​របស់​​ព្រះចៅអធិរាជ​និងព្រះរាជបុត្រ​ពីរអង្គរបស់ទ្រង់ ដោយក្នុងនោះរួមទាំង​ព្រះបុត្រា​ស្នងរាជ្យ ណារូហីតូ (Naruhito) ផងដែរ។

គួរបញ្ជាក់ថា​ព្រះចៅអធិរាជ អាគីហីតូ ដែលធ្លាប់បានទទួលការវះកាត់បេះដូង និងទទួលការព្យាបាល​ជំងឺមហារីក​ក្រពេញ​ប្រូស្តាតនោះ ក៏ត្រូវ​បានធ្វើរោគវិនិច្ឆ័យឃើញថា​មានជំងឺគ្រុនផ្តាសាយកំរិត​ធ្ងន់ថែមទៀតផង​កាលពីខែកុម្ភៈ ឆ្នាំ២០១៦នេះ។ រីឯព្រះអគ្គមហេសី មីឈីកូ មាន​ព្រះ​ជន្ម​​៨២​ព្រះវស្សាដូចគ្នា ត្រូវបានក្រុមគ្រូពេទ្យពិនិត្យរកឃើញថា មានជំងឺរលាកទងសួតផងដែរ ប៉ុន្តែទ្រង់​បានជាសះ ស្បើយវិញហើយ និង​បាន​ត្រឡប់​​ទៅ​បំពេញ​ព្រះរាជ​កិច្ចជាធម្មតា៕