(វ៉ាស៊ីនតោន)៖ ​មេបញ្ជាការ​យោធាជើង​ទឹក​អា​មេរិក​​ប្រចាំ​មហា​សមុទ្រប៉ាស៊ីហ្វិក​​បានលើកឡើងថា​ សហរដ្ឋអាមេរិកត្រៀម​​​​​លក្ខណៈ​​ជានិច្ច ​ក្នុងការប្រឈមមុខ​ដាក់គ្នា​ជាមួយប្រទេសចិន ប្រសិនបើទីក្រុង​ប៉េកាំង​នៅ​តែ​បន្ត​ធ្វើ​ការ​ទាម​ទារ​​ហួស​ហេតុ​ ទៅលើដែនសមុទ្រចិនខាងត្បូងនោះ ដែលប្រការ​នេះអាចនឹង​ធ្វើឲ្យ​ភាពតានតឹ​ងកាន់តែកើនឡើងខ្លាំង​​ រវាងមហា​អំណាច​​ពិភពលោក​ទាំងពីរ។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនា​រសៀលថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ឯក ហារី ហារីស (Harry Harris) បានថ្លែងថា «យើងមិនអាចអនុញ្ញាតឲ្យតំបន់រួមគ្នា​មួយ​ធ្លាក់ក្រោម​ការគ្រប់គ្រង​​ជាលក្ខណៈ​ឯកតោភាគីបាននោះឡើយ ទោះបីជាមូលដ្ឋាន និងសំណង់​ផ្សេងៗ​ជាច្រើនត្រូវបានសាង​សង់​ឡើង​យ៉ាងណាក្តី នៅលើកោះសិប្បនិម្មិតនៅ​ដែនសមុទ្រចិនខាងត្បូង។ យើងនឹង​ចូលរួមសហការតាមតែ​អាចធ្វើទៅបាន ប៉ុន្តែ​យើងក៏នឹងត្រៀមខ្លួនរួចរាល់​ជានិច្ចផងដែរ​​ក្នុងការប្រឈមមុខ​ដាក់គ្នា​នៅពេលដែលចាំបាច់»

គួរបញ្ជាក់ថាប្រទេសចិនបានធ្វើការទាមទារថា ផ្ទៃទឹកនៃសមុទ្រចិន​ខាងត្បូងស្ទើរតែទាំងស្រុងជារបស់ខ្លួន​តែម្នាក់ឯងគត់ ខណៈតំបន់ដែលសម្បូរទៅដោយ​ប្រភពធនធាន​ និងមានទំហំពាណិជ្ជកម្ម​ប្រមាណ ៥ពាន់លានដុល្លារ តាមផ្លូវទឹកក្នុង​មួយ​ឆ្នាំៗនេះ ក៏មានការទាមទារ​ពីសំណាក់ប្រទេសជិតខាង​មួយចំនួន​ទៀត​ដូចជា ព្រុយណេ, ម៉ាឡេស៊ី, ហ្វីលីពីន, កោះតៃវ៉ាន់, និង​វៀតណាមផងដែរ។

ជុំវិញបញ្ហានេះសហរដ្ឋអាមេរិក​បានស្នើដល់រដ្ឋាភិបាល​ទីក្រុងប៉េកាំង ឲ្យគោរពតាមការសេចក្តី​សម្រេច​របស់​តុលាការ​មជ្ឈត្តកម្ម​​​នៃ​ក្រុង​ឡាអេ​កាលពីខែកក្កដានេះ ដែល​បាន​បដិសេធ​ចោល​ការ​​ទាម​ទារ​ដ៏​ធំ​ធេង​​របស់​ចិន​នៅ​ក្នុង​ផ្លូវ​ទឹកយុទ្ធ​សាស្រ្ត​​​មួយ​នេះ ប៉ុន្តែប្រទេសចិន​នៅតែបន្តសកម្មភាព​ប្រកាន់ខ្ជាប់​ដោយឥរិយាបថផ្គើន ដែល​អាមេរិក​បាន​ប្រុង​ជើង​ការ​​ជានិច្ច​​ដើម្បី​​ឆ្លើយ​តប​ទៅ​វិញ​៕