(ស៊ីរី)៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ បានច្រានចោលសំណើសុំ​ឲ្យមានបទឈប់បាញ់​ដោយបណ្ដាប្រទេស​លោកខាងលិច ខណៈកងកម្លាំងរបស់លោក​អះអាងពីជ័យជម្នះ​លើក្រុមឧទ្ទាមស៊ីរី នៅក្នុងទីក្រុងអាឡេប៉ូ ដោយលោកផ្ទាល់​ថែមទំាងបានចាត់ទុកថា សំណើសុំឲ្យមានបទឈប់បាញ់នេះ មានបំណងបញ្ឈប់​ការរីកចំរើន​ទៅមុខនៃកងទ័ពស៊ីរី ​និងដើម្បីជួយសង្រ្គោះក្រុមភេរវករ​តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Russian Today​​ នៅរសៀលថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។​

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Russian Today លោក អាស្សាដ ក៏បានសម្ដែងការ​សោកស្ដាយ​ផងដែរ​ចំពោះសារព័ត៌មានលោកខាងលិច​ដែលលោកចោទប្រកាន់ថា មិនបានយកភ្នែកមើល និងចាប់អារម្មណ៍​ទាល់តែសោះ​នៅពេលក្រុមភេរវករសម្លាប់ជនស៊ីវិល​ស៊ីរី នៅទីក្រុងប៉ាល់​ម៉ៃរ៉ា។​ ប្រធានាធិបតីស៊ីរី​រូបនេះ បានបន្ថែមថា «បើសិនជាយើងបកស្រាយ​អំពីសំណើបទឈប់បាញ់ នោះយើងនឹងឃើញ​យ៉ាងច្បាស់ថា វាគ្មានអ្វីក្រៅតែពីគោលបំណង​ចង់​បញ្ឈប់ការរីកចំរើនទៅ​មុខរបស់កងទ័ពស៊ីរី សំដៅជួយសង្រ្គោះ​ដល់ក្រុមភេរវករនោះទេ»។

គួររំលឹកថាសំណើនៃបទឈប់បាញ់ខាងលើ ត្រូវបានស្នើឡើងដោយ សហរដ្ឋអាមេរិក បារំាង អង់គ្លេស កាណាដា អ៊ីតាលី និងអាល្លឺម៉ង់ កាលពីសប្ដាហ៍មុន​តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី ចិន និងរុស្ស៊ី ប្រើសិទ្ធិវ៉េតូ (ជំទាស់) នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ ទៅនឹងបទឈប់បាញ់នៅស៊ីរី៕