(កាប៊ុល)៖ អតីតមន្រ្តីជាន់ខ្ពស់​មួយរូប​​នៅ​ក្នុង​ប្រទេស​អាហ្វហ្គា​នីស្ថាន បានអះ​អាង​ថា​​​លោក​ត្រូវ​បាន​ចាប់​ជំរិត​​ដោយ​​អំពើ​ព្រៃផ្សៃ​​បំផុត ហើយ​និងបានទទួលរងការរំលោភបំពាន​ផ្លូវភេទពីសំណាក់​អនុប្រធានាធិបតី​អាហ្វហ្គានីស្ថានលោក Abdul Rashid Dostum កាល​ពី​ចុង​ខែវិច្ឆិកាកន្លងទៅ។ នេះបើតាមការចេញ​ផ្សាយ​ដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។

ការចោទប្រកាន់នេះបាន​ធ្លាយចេញពីលោក Ahman Eshchi អតីតអភិបាលខេត្ត Jowzjan ដែលជាស្រុក​កំណើតរបស់លោក Dostum ហើយ​លោក Eshchi បាននិយាយថាលោក​អនុប្រធានាធិបតី និងគូកន​ប្រមាណ ១០នាក់ផ្សេងទៀត​បានរំលោភ​បំពានផ្លូវភេទលើ​រូបលោក អំឡុង​ពេលដែលលោកស្ថិតក្រោម​ការចាប់បង្ខាំងខ្លួននៅក្នុង​ភូមិគ្រឹះរបស់លោក Dostum អស់រយៈពេលប្រាំថ្ងៃ។

ទោះបីជាការអះអាងខាងលើ​មិនអាចជឿទុកចិត្តបានមួយភាគរយ​យ៉ាងណាក្តី លោក Ahman Eshchi បានឲ្យដឹងថា ករណីចាប់ជំរិត​រូប​លោកដែល​បាន​កើត​ឡើង​​កាល​ពី​ថ្ងៃទី២៤ ខែវិច្ឆិកាកន្លង​ទៅនេះ ក្រោយការ​ប្រកួតនៃកីឡាមួយប្រភេទ​រវាងក្រុមរបស់លោក និង​ក្រុម​របស់​លោក​​អនុ​ប្រធានាធិបតី​ Dostum ហើយ​អតីតអភិបាលខេត្តរូបនេះ បានធ្វើការរៀប​រាប់ហេតុ​ការណ៍​​ដែល​បាន​កើត​ឡើង​ចំពោះ​រូប​លោក​ដោយលម្អិត​និង​ស្តែងៗបំផុតថា «លោក Dostum​ បានរុញខ្ញុំឲ្យដួលទៅលើដីហើយយកជើងជាន់សង្កត់ករបស់ខ្ញុំ រួចក៏​បានចាប់ផ្តើម​សកម្មភាព​រំលោភ​បំពាន​​របស់​គាត់មកលើរូបខ្ញុំ។ បន្ទាប់​​មក​លោក Dostum ក៏បាននាំខ្លួនខ្ញុំ​ទៅកាន់គេហដ្ឋាន​របស់គាត់បន្តទៀត រី​ឯ​នៅ​ពេល​ដែល​ទៅ​ដល់​ទី​នោះ ​លោក​អនុ​ប្រធានាធិបតី​បានស្រែក​បញ្ជា​ទៅកាន់អង្គរក្សចំនួន ០៨នាក់ឲ្យដោះសម្លៀកបំពាក់របស់ខ្ញុំចេញ ហើយ​ពួក​គេ​ថែម​ទាំង​ស្រាត​ខោ​ខ្ញុំ​ចេញទៀតផង»។

លោក Eshchi បាន​បន្ត​ថានៅទីបំផុតលោកត្រូវបានគេបញ្ជូន​ទៅកាន់​ ការិយាល័យសន្តិសុខ​អាហ្វហ្គានីស្ថាន​ហើយ​ក៏​ត្រូវ​បាន​ដោះ​លែងឲ្យរួចខ្លួនវិញ។ ដោយឡែកលោកអនុប្រធានាធិបតី Abdul Rashid Dostum បានច្រានចោលការចោទប្រកាន់នេះ និងបានចាត់ទុកវាថាជាការញុះញង់ ហើយ​លោក​​បាន​​បញ្ជាក់​ថា​​លោក​ Eshchi ត្រូវបានចាប់ឃុំខ្លួនពិតមែន​ប៉ុន្តែមិនមែនដោយរូបលោកនោះទេ គឺ​ដោយ​​ភ្នាក់​​ងារ​​ស៊ើប​ការណ៍​​សម្ងាត់​របស់​ប្រទេស​អា​ហ្វហ្គានីស្ថាន។

អ្នកនាំពាក្យ​របស់លោក Dostum បានចេញមុខថ្លែងថា «លោក Eshchi ត្រូវបាន​ចាប់​ឃុំ​ខ្លួន​ដោយ​កង​កម្លាំង​សន្តិ​សុខ​​អាហ្វហ្គានីស្ថាន ក្រោមបទជាប់​សង្ស័យថា​បានជួយទំនុកបម្រុងដល់​គណបក្សប្រឆាំង និង​ការ​ចូល​មក​ពាក់​ព័ន្ធ​ក្នុង​បញ្ហា​សន្តិ​សុខ​ជាតិជាច្រើនលើកច្រើនសារ» ខណៈមន្រ្តីនាំពាក្យរបស់ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani បាន​សន្យា​ថា​នឹង​បើក​ការ​ស៊ើបអង្កេត​លម្អិត​មួយ​ជុំវិញ​ការចោទប្រកាន់នេះ៕