(​សេអ៊ូល)៖ សភាជាតិកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានចាប់ផ្ដើមបើកកិច្ចប្រជុំជាលើកទី៣ ​នៃគណកម្មការ​ស៊ើបអង្កេតពិសេស​ក្នុងសំណុំរឿង​ពុករលួយ​​នយោបាយ និងការលូកដៃចូលក្នុងកិច្ចការរដ្ឋ​ពីសំណាក់​ស្រី្ត​ឈ្មោះ ឆយ ស៊ូនស៊ីល ដែលជាមិត្តដ៏​ជិតស្និទ្ធម្នាក់​របស់លោកស្រី ផាក គឺនហេ ប៉ុន្តែក្នុងពេល​ជាមួយគ្នា កិច្ចប្រជុំនេះ​​ក៏ផ្ដោតសំខាន់​​ផងដែរ​ពាក់ព័ន្ធនឹង​ ការចោទប្រកាន់​ដែលថាលោកស្រី ផាក បានទៅកែ​សម្ផស្ស អំឡុង​ពេលសាឡ​ង់ដឹក​អ្នកដំណើរ​ឈ្មោះ Sewol ក្រឡាប់​លិចកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយ​​ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ឆ្នាំ២០១៦។

នារយៈពេលចុងក្រោយ​បន្ទាប់ពីរឿងអាស្រូវ ឆយ ស៊ូនស៊ីល បានផ្ទុះឡើងធ្វើឱ្យកក្រើក​ពេញ​កូរ៉េខាងត្បូង ពាក្យចរចាមអារ៉ាម​មួយ​ចំនួន​បានលើកឡើងថា លោកស្រី ផាក បានអវត្តមានដល់ទៅ ៧ម៉ោង​នៅក្នុង ការិយាល័យ​ដោយជាប់រវល់ទៅទទួលការ​ព្យាបាល និងកែសម្ផស្ស​នៅចំពេលសាឡង់ដឹក​អ្នកដំណើរ Sewol​​ ក្រឡប់លិច។

ទោះបីជាយ៉ាងណា​ការចោទប្រកាន់នេះ ត្រូវបានខាងមានប្រធានាធិបតី​​ច្រានចោល ប៉ុន្តែក៏មិនបាន​បញ្ជាក់​ឱ្យ​បានច្បាស់ដែរថា លោកស្រី ផាក ខ្លួនឯងផ្ទាល់បានទៅ​ធ្វើអី្វឱ្យប្រាកដនៅពេលនោះ។ ដោយឡែក ក្រុមសមាជិក​សភានឹងធ្វើការសាកសួរមនុស្សចំនួន ១៦នាក់ នៅថ្ងៃពុធនេះ​ក្នុងនោះរួមមានទាំងអតីត​មនុស្សជំនិត និងអ្នកជំនាញ​វេជ្ជសាស្ត្ររបស់​លោកស្រី ផាក គឺនហេ ផងដែរ។

គួររំលឹកថា​គ្រោះថ្នាក់លិចសាឡង់ Sewol កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ បានផ្ដាច់យកអាយុ​ជីវិត​មនុស្ស ២៩៥នាក់ភាគច្រើនជាសិស្សវិទ្យាល័យ និង០៩នាក់ផ្សេងទៀតបានបាត់ខ្លួន៕