(អាមេរិក)៖ លោក Rex Tillerson ត្រូវបានប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ប្រកាសតែងតាំងជារដ្ឋមន្ត្រីការបរទេសអាមេរិកនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។ អនាគតរដ្ឋមន្ត្រីការបរទេសរូបនេះ ត្រូវបានគេស្គាល់ថា ជាពាណិជ្ជករដ៏ល្បីល្បាញ និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនប្រេង និងឧស្ម័ន ExxonMobil Corporation ដែលជាក្រុមហ៊ុនធំជាងគេទី៥ របស់សហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ លោកក៏ជាមិត្តជិតស្និទម្នាក់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀពូទីន ថែមទៀតផង។ តើទំនាក់ទំនងក្នុងនាមជាមិត្តជាមួយលោកពូទីន ជាផ្នែកមួយ ដែលអូសទាញលោក ត្រាំ មានចេទនាក្នុងការជ្រើសរើសលោក Tillerson ឬទេ?

ខាងក្រោមនេះជាព័ត៌មានលម្អិត ស្តីអំពីអនាគតរដ្ឋមន្ត្រីការបទេស សហរដ្ឋអាមេរិករូបនេះ៖

* ឈ្មោះពេញ៖ លោក Rex Wayne Tillerson
* ប្រធានទី៣៣ នៃអង្គការយុវជន Boy Scouts របស់សហរដ្ឋអាមេរិក ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២
* កន្លែង និងថ្ងៃណើត៖ ២៣ មីនា ១៩៥២ (វ័យ៦៤ឆ្នាំ) នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក
* បក្សនយោបាយ៖សាធារណរដ្ឋ
* ភរិយា៖លោកស្រី Renda St.Clair
* សិក្សានៅ៖ សកលវិទ្យាល័យ University of Texas
* ប្រាក់បៀវត្សរ៍៖ ២៧,២លានដុល្លារក្នុងមួយឆ្នាំ (របាយការណ៍ឆ្នាំ២០១៥)
* ពានរង្វាន់៖ Russian Order of Friendship (ឆ្នាំ២០១៣)
* ប្រធានប្រតិបត្តិ (CEO) របស់ក្រុមហ៊ុនប្រេង និងឧស្ម័ន ExxonMobil ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន
* ជារដ្ឋមន្ត្រីការបរទេសអាមេរិក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ នៅពេលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង។

* ជីវិតកាលពីកុមារភាព និងការសិក្សា៖

Tillersion ជាកូនរបស់លោកស្រី Patty Sue និងលោក Bobby Joe Tellerson ។ Tellerson បានចំណាយពេលស្ទើរពេញមួយជីវិត ក្នុងអង្គការយុវជន Boy Scouts របស់សហរដ្ឋអាមេរិក ដោយទទួលបានតំណែងជា Eagle Scout ក្នុងឆ្នាំ១៩៦៥។

ក្នុងឆ្នាំ១៩៧០ កុមារា Tillersion បានបញ្ចប់ការសិក្សាពីសាលាមធ្យមសិក្សា Huntsville នៅរដ្ឋតិចសាស់។ ក្រោយមកTillerson បានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រ លើឯកទេសវិស្វកម្មស៊ីវិល ពីសកលវិទ្យាល័យ University of Texas ក្នុងឆ្នាំ១៩៧៥។
ក្នុងពេលនៅសកលវិទ្យាល័យ យុវជនរូបនេះ មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយក្លឹប Tejas។

* ព័ត៌មានផ្ទាល់ខ្លួន៖

Tillerson បានរៀបការជាមួយនាង Renda St.Clair ព្រមទាំងមានកូនបួននាក់។ លោកជាអ្នកប្រតិបត្តិគ្រឹស្តសាសនាយ៉ាងមុតមាំ។ លោករួមជាមួយភរិយា ធ្លាប់បានឧបត្ថម្ភប្រាក់ប្រមាណជា៥.០០០ ដល់១០.០០០ដុល្លារ ដល់សមាគមគ្រឹស្តសាសនា កាលពីឆ្នាំ២០១២កន្លងទៅនេះ។ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅនេះ សារព័ត៌មានមួយបានធ្វើសេចក្តីរាយការណ៍ថា លោក Tillerson និងភរិយាបានចូលរួមប្រឆាំង ក្នុងសំណើរធ្វើប៉មបង្ហូរទឹក ដែលអាចបង្កការស្ទះចរាចរណ៍ ទៅកាន់លំនៅដ្ឋានផ្ទាល់របស់ពួកគេ។ ក្រៅពីការងារក្នុងវិស័យនយោបាយ លោក Tillerson ក៏ជាពាណិជ្ជករដ៏ជោគជ័យម្នាក់ផងដែរ នៅសហរដ្ឋអាមេរិក។

* ការប្រឡូកក្នុងឆាកនយោបាយ៖

លោកជាមនុស្សប្រឆាំងការដាក់ទណ្ឌកម្មទៅលើប្រទេសណាមួយ ដោយបានបញ្ជាក់ថា «យើងមិនគាំទ្រការដាក់ទណ្ឌកម្ម ណាមួយឡើយ ព្រោះយើងមិនដែល ឃើញការដាក់ទណ្ឌកម្មអាចកែប្រែប្រទេសទាំងនោះឡើយ លើកលែងតែការដាក់ទណ្ឌកម្មនេះត្រូវបានដាក់ចេញ ដោយការយកចិត្តទុកដាក់ខ្ពស់ និងពិចារណាយ៉ាងច្បាស់។ តែយ៉ាងណាវាជារឿងលំបាកបំផុត ក្នុងការដាក់ទណ្ឌកម្មដើម្បីទទួលបានប្រសិទ្ធភាព។

ចំណែកបញ្ហាបម្រែបម្រូលអាកាសធាតុវិញ លោកបានទទួលស្គាល់ថា មនុស្សបានបង្កផលប៉ះពាល់ដល់អាកាសធាតុ ដោយការបញ្ចេញឧស្ម័ន។ លោកបានលើកឡើងថា «ពិភពលោកកំពុងបន្តប្រើប្រាស់ថាមពលហ្វូស៊ីល មិនថាពួកគេពេញចិត្ត ឬអត់នោះទេ»។
លោកក៏បានបង្ហាញការគាំទ្រផងដែរ ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វីក (TPP) ។ ក្នុងឆ្នាំ២០១៣ លោក Tillerson បានបង្ហាញគាំទ្រចំពោះកិច្ចព្រមព្រៀងនេះ ដោយបានបញ្ជាក់លើវេទិការសន្តិសុខពិភពលោកថា «អ្វីដែលជាការជម្រុញការអភិវឌ្ឍន៍ខ្ពស់បំផុត ក្នុងស្ថានភាពបច្ចុប្បន្នគឺការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជម្រុញកិច្ចព្រមព្រៀង TPP នេះ»។

ចំពោះច្បាប់ក្រមវិន័យរបស់រដ្ឋាភិបាល លោក Tillerson ធ្លាប់បានបង្ហាញភាពមិនអាចអត់ធ្មត់ចំពោះបញ្ហានេះ ដោយបញ្ជាក់ថា «ក្នុងដែនដីមួយនេះ មានរឿងជាច្រើនរហូតដល់រាប់ពាន់ករណីដែលមនុស្សត្រូវបានហាមឃាត់មិនឱ្យធ្វើ»។

ដោយឡែកនិយាយពីវិស័យអប់រំវិញ កាលពីខែកញ្ញា ឆ្នាំ២០១៣កន្លងទៅនេះ លោក Tillerson បានបង្ហាញការគាំទ្រ និងការពារលើគោលនយោបាយ Common Core (ជាគោលនយោបាយក្នុងវិស័យអប់រំ ដែលតម្រូវឱ្យកុមារដែលសិក្សាចាប់ពីថ្នាក់បឋមដល់ថ្នាក់ទី១២ ចាំបាច់ត្រូវមានចំណេះភាសាអង់គ្លេស និងគណិតវិទ្យា។
ចំពោះការឧបត្ថម្ភ លោក Tillerson ចូលរួមជាយូរណាមកហើយក្នុងយុទ្ធនាការរបស់ពួកសាធារណរដ្ឋ។ យោងតាមរបាយការណ៍តាមប្រព័ន្ធអ៊ីនធើណែត បានបង្ហាញថា លោកធ្លាប់បានផ្តល់ប្រាក់ជំនួយមនុស្សធម៌ចំនួន ៤៤២,២៨៤ដុល្លារ ដើម្បីចូលរួមដោយផ្ទាល់ទៅលើវិស័យនេះ ចាប់តាំងពីឆ្នាំ២០០៣មកម្ល៉េះ។

សូមជម្រាបថា លោក Rex Tillerson ត្រូវបានលោកស្រី Condoleezza Rice ស្នើដាក់លោកជារដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងអំឡុងពេលដែលលោកស្រី ធ្វើកិច្ចជំនួបជាមួយលោក Trump កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ ហើយកាលពីថ្ងៃទី០៩ ខែធ្នូកន្លងទៅនេះ មន្ត្រីផ្ទេរអំណាចបានធ្វើសេចក្តីរាយការណ៍ថា លោក Tillerson បេក្ខជនដ៏លេចធ្លោម្នាក់ដ៏សាកសមសម្រាប់តួនាទីនេះ។

ហេតុនេះតើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើរដ្ឋមន្ត្រីការបរទេសអាមេរិក យកចិត្តទុកដាក់ទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ គាំទ្រទៅលើកិច្ចព្រមព្រៀង TPP ខណៈដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិក បែរជាមិនជឿលើរឿងនេះ និងប្រឆាំងទៅលើ TPP ទៅវិញនោះ?

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា