(ប៉េកាំង)៖ យន្តហោះដឹកអ្នកដំណើរ​រហូតដល់ទៅពីរគ្រឿង បានរអិលចេញពី​ផ្លូវហោះហើរនៅមុនពេល​ហោះចេញពី​អាកាសយានដ្ឋាន Urumqi ស្ថិតនៅភាគនិរតីនៃប្រទេសចិន​នាព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែជា​សំណាង​ល្អហេតុការណ៍នេះ​ពុំបានបណ្តាលឲ្យ​មានមនុស្សដែលធ្វើដំណើរ​នៅ​លើ​នោះរងគ្រោះថ្នាក់អ្វីឡើយ។ នេះបើ​តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិចនាល្ងាចថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

កង់ផ្នែកខាងមុខ​របស់យន្តហោះ​មួយគ្រឿងនៃក្រុមហ៊ុន​អាកាសចរណ៍ Shanghai Airlines បានក្រឡាច់​នៅលើផ្លូវហោះហើរនាវេលាម៉ោង ​៩៖៣៣នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងប្រទេសចិន) ខណៈពេលដែល​វា​បានធ្វើការរៀបចំខ្លួនបទទៅកាន់ផ្លូវហោះហើរ ដើម្បីហោះចាក​ចេញ​ពី​អា​កាស​យាន​ដ្ឋាន​អន្តរជាតិ Urumqi Diwopi ក្នុងតំបន់ស្វយ័ត Xinhiang Uygur។

ជាមួយគ្នានេះដែរ ក្រោយមកនៅម៉ោង ១០៖១០នាទីព្រឹកថ្ងៃដដែលនេះ កង់របស់របស់យន្តហោះ​មួយគ្រឿង​ផ្សេងទៀតនៃក្រុមហ៊ុន​អាកាស​​ចរណ៍ China Southern Airlines បានរអិលក្រឡាច់​នៅលើផ្លូវហោះហើរ​ដែលបានបង្ខំឲ្យផ្អាកការ​ហោះចាកចេញពី​ព្រលានយន្តហោះ​ផង​ដែរ។

គួរបញ្ជាក់ដែរថា ហេតុការណ៍​ទាំងពីរនេះ មិនបានបង្កឲ្យ​អ្នកដំណើរនៅលើយន្តហោះទាំងពីរ​គ្រឿងរងរបួស ឬគ្រោះថ្នាក់អ្វីឡើយ ហើយក៏ពុំ​បានធ្វើឲ្យមានការខូចខាត​ដល់យន្តហោះផ្ទាល់ដែរ ខណៈ​អាកាស​​យានដ្ឋាន​ទាំងមូលបានកាត់បន្ថយចំនួន​នៃការធ្វើប្រតិបត្តិការ ដើម្បីធានា​ឲ្យបាននូវសុវត្ថិភាព។ បន្ទាប់មកទៀត​ក្រុមហ៊ុន​អាកាសចរណ៍ Shanhai Airlines បានដកតំណែងប្រធានគ្រប់​គ្រងផ្នែកហោះហើរចោល ហើយអនុប្រធាន​គ្រប់គ្រងទូទៅដែលទទួលបន្ទុកខាងសុវត្ថិភាព ក៏ត្រូវបានបញ្ជាឲ្យពិនិត្យកំហុសខ្លួនឡើងវិញថែមទៀត​ផង។

ចំពោះការស៊ើបអង្កេតទៅលើមូលហេតុ ដែលបង្កឲ្យយន្តហោះដល់ទៅពីរគ្រឿងជួបបញ្ហាក្នុងថ្ងៃតែមួយនេះ កំពុងតែប្រព្រឹត្តទៅយ៉ាងយកចិត្តទុកដាក់​បំផុត៕