(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដែលបាន​ដាក់មកលើប្រទេសរុស្ស៊ី គឺជា​ឧបសគ្គដ៏ធំមួយចំពោះការស្តារ​ទំនាក់ទំនងយ៉ាងពេញលេញ​រវាងរុស្ស៊ី និងជប៉ុន ពោល​វា​គឺជា​រនាំង​ដែល​ឃាំង​រដ្ឋា​ភិ​បាល​ទីក្រុង​មូស្គូ មិន​ឲ្យ​បើក​កិច្ច​ពិភាក្សា​ដើម្បីសម្រេច​បានសន្ធិសញ្ញា​សន្តិភាព​ជាមួយប្រទេស​ជប៉ុន។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច​នារសៀលថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានជប៉ុន Yomiruri នៅមុនកិច្ចប្រជុំរយៈពេលពីរថ្ងៃគឺថ្ងៃទី១៥-១៦ ខែធ្នូខាងមុខនេះ​ជាមួយនឹងលោក​​នាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ នៅឯប្រទេសជប៉ុន លោក វ៉្លាឌីមៀ ពូទីន បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ី​​មាន​ឆន្ទៈ​ខ្ពស់​ជានិច្ច​​ក្នុង​ការ​ពិភាក្សា​គ្នា​​ អំពី​សកម្ម​​ភាព​សេដ្ឋកិច្ច​រួមជាមួយ​ជប៉ុននៅលើប្រជុំដែនកោះ​ដែលមានជម្លោះ​រាប់ទសវត្សរ៍មកហើយនោះ ប៉ុន្តែលោក ពូទីន បាន​បន្ត​ថា​​សកម្មភាព​ទាំង​​អស់​នេះ​ ចាំបាច់ត្រូវតែប្រព្រឹត្តទៅ​ក្រោមអធិបតេយ្យភាព​របស់ប្រទេសរុស្ស៊ីផ្ទាល់។

ជាចុងក្រោយប្រធានាធិបតីរុស្ស៊ី​បានថ្លែងថា​ សំណើរបស់ជប៉ុនក្នុងបង្កើតកិច្ច​សហប្រតិបត្តិ​សេដ្ឋកិច្ច បានជួយធ្វើឲ្យ​បរិយាកាសកាន់តែ​ប្រសើ​រ​សម្រាប់ការពិភាក្សាគ្នា​ ជាមួយប្រទេសជប៉ុន។

គួរបញ្ជាក់ថា​ជម្លោះដែនដី រវាងជប៉ុន និងរុស្ស៊ី បានកើតឡើងនៅថ្ងៃចុងក្រោយ​នៃសង្រ្គាមលោក​លើកទី២ នៅពេលដែល​អតីតសហភាពសូវៀត បានចូលកាន់កាប់ទីប្រជុំកោះ​គូរីល និងដោយសារជម្លោះ​ទឹកដីនេះដែរ ទីក្រុងតូក្យូ និងទីក្រុងមូស្គូ មិនទាន់បានចុះហត្ថាលេខាលើ​សន្ធិសញ្ញាសន្តិភាព​នឹងគ្នានៅឡើយទេ៕