(​វ៉ាស៊ីនតោន)៖ ការិយាល័យទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ជាតិអាមេរិក (ODNI) បានបដិសេធចំពោះ​របាយការណ៍ និងការវាយតម្លៃរបស់ទីភ្នាក់ងារចារកិច្ច CIA ដែលថា រុស្ស៊ីបានវាយប្រហារតាមប្រព័ន្ធ​អ៉ិនធើណែតលើលទ្ធផល ​នៃការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីអាមេរិក​ ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ឈ្នះឆ្នោត ប៉ុន្តែ ODNI មិនបានបញ្ជាក់ឡើយថា របាយការណ៍នេះខុសដោយ​វាគ្រាន់តែគ្មានភស្ដុតាង​គ្រប់គ្រាន់​តែប៉ុណ្ណោះ។ នេះបើតាមក្រុម​មន្ត្រីអាមេរិក ថ្លែង​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលចុះផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មាន Reuters​​ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពដដែលបានឱ្យដឹងទៀតថា ODNI មិនបានជំទាស់ទំាងស្រុងនោះទេ ចំពោះការវិភាគរបស់ CIA ពាក់ព័ន្ធនឹងការចូល Hack លទ្ធផលឆ្នោតដោយរុស្ស៊ី ​ក៏ប៉ុន្តែលោកក៏មិនបានទទួលស្គាល់ដែរ ​ការវាយតម្លៃ និងរបាយការណ៍​របស់ CIA ក្រោមហេតុផលគ្មានភស្ដុតាងច្បាស់លាស់ បង្ហាញថា ទីក្រុងមូស្គូពិតជាមាន​បំណងជួយឱ្យលោក ដូណាល់ ត្រាំ យកឈ្នះលោកស្រី ហ៊ីលឡារី គ្លីនតុន ឬយ៉ាងណានោះទេ ខណៈអ្នកនាំពាក្យ​ ODNI ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ​ជុំវិញបញ្ហានេះ។

គួរបញ្ជាក់ថា ការិយាល័យទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់ជាតិអាមេរិក (ODNI) គឺស្ថាប័ន​ផ្នែកចារកិច្ច ដែលឃ្លាំមើល និងគ្រប់គ្រងទីភ្នាក់ងារស៊ើបការ​អាមេរិកទាំង១៧ ក្នុងនោះរួមមានទំាង CIA ផងដែរ។ ដូច្នេះតាមរយៈការបដិសេធនេះ ODNI​ អាចនឹងផ្ដល់ការគាំទ្រពិសេសមួយ​ដល់លោក ដូណាល់ ត្រាំ ដើម្បីជំទាស់នឹង​របាយការណ៍ CIA ដែលលោក​ផ្ទាល់ចាត់ទុកថាជា «រឿងគួរឱ្យអស់សំណើច» និងគ្រាន់តែជាការចង់បិទបាំងភាពអៀនខ្មាស់​នៃ​ការបរាជ័យរបស់លោកស្រី គ្លីនតុន តែប៉ុណ្ណោះ៕