(ប៉េកាំង)៖ ប្រទេសចិន បានបង្ហាញក្តីបារម្ភជាខ្លាំង បន្ទាប់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ត្រាំ បានចោទសួរថា តើសហរដ្ឋអាមេរិក គួរតែបន្តគាំទ្រគោលនយោបាយចិនតែមួយ (តៃវ៉ាន់ជាផ្នែកមួយរបស់ចិន) ឬយ៉ាងណា?

លោក ត្រាំ បានបង្ហាញបំណងក្នុងការប្រឈមមុខ ជាមួយរដ្ឋាភិបាលក្រុង ប៉េកាំង ក្នុងសេចក្តីថ្លែងការណ៍ក្នុងសារព័ត៌មាន Fox News ដោយបានបញ្ជាក់ថា លោកមិនរារែកក្នុងការបញ្ឆេះកំហឹងចិនរហូតដល់ប្រទេសកុម្មុយនីសមួយនេះ យល់ព្រមក្នុងការចូលតុចរចាដើម្បីពិភាក្សាគ្នាស្តីពីវិស័យពាណិជ្ជកម្ម និងបញ្ហាកូរ៉េខាងជើង។

ឆ្លើយតបបញ្ហានេះ ភាគីចិនបានបញ្ជាក់យ៉ាងច្បាស់ថា «កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក គ្មានអ្វីដែលត្រូវចរចាតទៅទៀតឡើយ ប្រសិនបើលោកត្រាំ មិនគោរពតាមគោលនយោបាយចិនតែមួយ ដែលជាគ្រឹះនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមទំនាក់ទំនងការទូត ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ»

អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេស ចិន លោក Geng Shuang បានគូសបញ្ជាក់ថា «សំណួរដែលសួរថា តើគួរបន្តទទួលស្គាល់គោលនយោបាយចិនតែមួយនេះ វាមានឥទ្ធិពលជាខ្លាំងទៅលើអធិបតេយ្យភាព និងដែនដីរបស់ប្រទេសចិន»។

អ្នកនាំពាក្យរូបនេះបានបន្តថា «ការគោរពតាមគោលនយោបាយចិនតែមួយ ជាគោលការណ៍នយោបាយសម្រាប់អភិវឌ្ឍន៍ទំនាក់ទំនងចិន និងសហដ្ឋអាមេរិក។ ហើយប្រសិនបើវាមានការកែប្រែ ឬត្រូវបានរារាំងនោះ ទំនាក់ទំនងប្រកបដោយស្ថិរភាពរវាងប្រទេសទាំងពីរ ក៏គ្មានអ្វីដែលត្រូវចោទសួរតទៀតនោះដែរ»

កាលពីថ្ងៃចន្ទកន្លងទៅនេះ ក្នុងវិចារណកថាប្រចាំថ្ងៃនៃសារព័ត៌មានចិន បានចាត់ទុកប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ជា «ក្មេងម្នាក់» ដែលបង្ហាញភាព ព្រងើយកន្តើយចំពោះគោលនយោបាយការបរទេស និងទាមទារឱ្យដាក់ចេញនូវកិច្ចចរចា ជាបន្ទាន់លើបញ្ហាគោលនយោបាយចិនតែមួយ។

ក្នុងវិចារណកថានេះបានព្រមានថា ដោយសារលោក ត្រាំ ខ្វះនូវបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ នាំឱ្យលោកងាយនឹងស្ថិតក្រោមឥទ្ធិពល និងការគ្រប់គ្រងដោយ ពួកជ្រុលនិយមដែលនៅជុំវិញខ្លួនលោក។ ប្រភពដដែលបានបន្ថែមថា ប្រសិនបើលោកត្រាំ ប្រឆាំងគោលនយោបាយចិនតែមួយ ប្រាកដណាស់ថា វានឹងបង្កនូវវិបត្តិយ៉ាងពិតប្រាកដ។

បណ្តាអ្នកតាមដានស្ថានការណ៍របស់ប្រទេស ចិន កំពុងព្យាយាមពិនិត្យតាមដាន ថាតើលោក ត្រាំ ពិតជាបង្ហាញភាពមិនច្បាស់លាស់លើគោលនយោបាយចិនតែមួយ ហើយលក់អាវុធឲ្យកោះមួយនេះ ដើម្បីអាចការពារខ្លួនឯង ឬយ៉ាងណា។

ជាមួយគ្នានេះដែរ អ្នកវិភាគមួយចំនួនបានបង្ហាញការស្វាគមន៍ចំពោះទំនាក់ទំនងប្រសើរជាងមុន រវាងសហរដ្ឋអាមេរិក ជាមួយតៃវ៉ាន់ ដែលជាប្រទេសប្រជាធិបតេយ្យ ពហុបក្ស មានលក្ខណៈផ្ទុយស្រឡះដូចមេឃ និងដីជាមួយប្រទេស ចិន ដែលអនុវត្តន៍គោលនយោបាយបក្សតែមួយ និងមានការរឹតបន្តឹងជាខ្លាំងទៅលើតំបន់ ចង់បះបោរចង់ផ្តាច់ខ្លួនពីរដ្ឋាភិបាលចិនដីគោក។

តែបើគិតដល់ ការចាប់ផ្តើមទំនាក់ទំនងការទូតរវាងអាមេរិក និងតៃវ៉ាន់ វាហាក់ដូចជា ពិបាកបន្តិច ដោយអ្នកវិភាគមួយចំនួន បង្ហាញក្តីបារម្ភខ្លាចលោកត្រាំ ប្រឈមមុខជាមួយចិន ព្រោះបញ្ហានេះ អាចបង្កបញ្ហាណាមួយផ្ទុះឡើងរហូតមិនអាចគ្រប់គ្រងបាន ព្រមទាំងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់តំបន់ផ្សេងទៀត និងអាចបង្កហនិភ័យ នៃការប្រើប្រាស់កម្លាំងយោធាក្នុងតំបន់ប៉ាស៊ីហ្វិកថែមទៀតផង។

លោក Michael Auslin អ្នកវិភាគប្រចាំវិទ្យាស្ថានអាមេរិកបានលើកឡើងថា «វាជារឿងដ៏ល្ងង់មួយ បើអ្នកគិតថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងអង្គុយចាំមើលលោក ត្រាំ ដើម្បីពិចារណាក្នុងការធ្វើកំណែទម្រង់ទៅលើគោលនយោបាយសហរដ្ឋអាមេរិក ជាមួយនឹងកោះតៃវ៉ាន់ ព្រោះវាជារឿងដែលចិនបារម្ភបំផុត»។

គួររំលឹកផងដែរថា រដ្ឋាភិបាលកុម្មុយនីសចិន នៅតែចាត់ទុកតៃវ៉ាន់ ត្រឹមតែជាអាណាខេត្តមួយប៉ុណ្ណោះ បន្ទាប់ពីពួកអ្នកសេ្នហាជាតិចិន បានជម្លៀសខ្លួនទៅកោះតៃវ៉ាន់ ហើយបង្កើតរដ្ឋាភិបាលបែបសេរីនៅទីនោះ បន្ទាប់ពីចាញ់សង្គ្រាមជាមួយចិនដីគោក ក្នុងឆ្នាំ១៩៤៩៕