(អ៊ីស្ដុងប៊ូល)៖ រដ្ឋមន្ត្រីសុខាភិបាលតួកគី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត នៅទីក្រុងអ៊ីស្ដង់ប៊ូល កាលពីយប់ថ្ងៃសៅរ៍ បានកើនដល់៤៤នាក់ហើយ និងរបួសជាង១៦៦នាក់ ខណៈមនុស្សយ៉ាងហោច១១៨នាក់ ក្នុងនោះរួមមានក្រុមមន្ត្រី៤៥នាក់ មកពីគណបក្សប្រជាធិបតេយ្យឃើដ HDP ត្រូវបានចាប់ខ្លួនក្រោមបទសង្ស័យថាមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ នៃគណបក្សពលករឃើដ PKK។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

ការចាប់ខ្លួននេះធ្វើឡើងតែ២៤ម៉ោងប៉ុណ្ណោះ ក្រោយពេលយន្ដហោះចម្បាំងតួកគី បើកការវាយប្រហារតាមផ្លូវអាកាស ទៅលើក្រុមសកម្មប្រយុទ្ធឃើដ PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ហើយដែលការវាយប្រហារនេះ ត្រូវបានគេជឿ ជាក់ថា ធ្វើឡើងក្នុងគោលបំណងសងសឹង ចំពោះការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងទីក្រុងអ៊ីស្ដង់ប៊ូល នៅបន្ទាប់ពី ក្រុមសកម្មប្រយុទ្ធ Falcons (TAK) មានសម្ព័ន្ធភាពជាមួយក្រុមសកម្មប្រយុទ្ធ PKK បានអះអាងទទួលខុសត្រូវលើការវាយប្រហារដ៏អាក្រក់នេះ។

គួរបញ្ជាក់ថា ជម្លោះរុំារ៉ៃ រវាងក្រុមសកម្មប្រយុទ្ធឃើដ PKK និងកងកម្លំាងតួកគី អស់រយៈពលជាច្រើនឆ្នាំមកនេះ បានផ្ដាច់យកអាយុជីវិតមនុស្សច្រើនជាង៤០,០០០ នាក់។ ចំណែកឯ តួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានចាត់ទុកថា PKK គឺជាអង្គការភេរវកម្ម៕