(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងបានធ្វើការរិះគន់ក៏ដូចជាស្តីបន្ទោសធ្ងន់ៗទៅលើ របបដឹកនាំទីក្រុងព្យុងយ៉ាង​ដែលបាន​ធ្វើ​​សម​យុទ្ធយោធា​ក្លែង​ជាបើកការវាយប្រហារ​មកលើវិមានប្រធានាធិបតី​កូរ៉េខាងត្បូង «Blue House» ហើយទង្វើនេះនឹងធ្វើឲ្យភាពតានតឹងនៅ​ឧប​ទ្វីប​កូរ៉េ​ដែល​បែកខ្ញែកគ្នាមួយនេះកើនឡើងកាន់តែខ្លាំងបន្ថែមទៀត។ នេះបើតាមតាមសេច​ក្តីថ្លែងការណ៍របស់​ក្រសួងបង្រួបបង្រួមជាតិ​កូរ៉េ​ខាង​ត្បូង ដែល​​ចេញ​ផ្សាយដោយទីភ្នាក់​ងារព័ត៌មាន យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Jeong Joo-hee អ្នកនាំពាក្យក្រសួងខាងលើបានលើកឡើងដែរថា «ទង្វើរបស់​កូរ៉េ​ខាង​ជើងទំនងជាចង់បង្ហាញឲ្យ​រដ្ឋាភិបាលទីក្រុង​សេអ៊ូល​ឃើញថា របបដឹកនាំនៃប្រទេសរបស់គេ នៅតែមានភាពរឹងមាំនិងស្ថិតស្ថេរជានិច្ច ដែល​​វាផ្ទុយពីអ្វី (វិបត្តិនយោបាយ) ដែលប្រទេសកូរ៉េខាងត្បូងបាននិងកំពុងឆ្លងកាត់ រហូតឈានទៅដល់ការ​ទម្លាក់លោកស្រី ផាក គឺនហេ ចេញពីតំណែងប្រធានាធិបតី»។

គួររំលឹកថា កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់ទៅ​លើការធ្វើសមយុទ្ធយោធាមួយរបស់កងកម្លាំងពិសេស KPA Unit 525 ក្នុងការវាយយកនិងកម្ទេចមូលដ្ឋានយុទ្ធ​សាស្រ្ត​សំខាន់ៗ​របស់​កូរ៉េខាងត្បូង ដោយរួម​បញ្ចូលទាំងវិមានប្រធានាធិបតី «Blue House» ផងដែរ។

ម៉្យាងវិញទៀតនៅថ្ងៃចន្ទនេះ បើយោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង Rodong Sinmun ទីក្រុងព្យុងយ៉ាងបានគំរាមថានឹង​ធ្វើ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​​អាកាស​មកលើប្រទេសកូរ៉េខាងត្បូងថែមទៀតផង ដោយកងទ័ពរបស់ពួកគេរង់ចាំតែការឲ្យសញ្ញាអនុញ្ញាតពីលោក គីម ជុងអ៊ុន តែប៉ុណ្ណោះ។ គួរបញ្ជាកដែរថា បើតាមពិតទៅសង្រ្គាមរវាងកូរ៉េខាងត្បូងនិង​កូរ៉េ​ខាង​ជើង ​ដែល​បាន​ផ្ទុះ​ឡើង​ចាប់​ពី​ឆ្នាំ​១៩៥០​ដល់​ឆ្នាំ​១៩៥៣​ មិនទាន់ត្រូវបានបញ្ចប់ជាផ្លូវការនៅឡើយទេ ដោយសារតែពុំមានសន្ធិសញ្ញា​ណា​មួយ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ព្រម​ព្រៀង​គ្នា​រវាង​ប្រទេស​ទាំងពីរ៕