(មូស្គូ)៖ កងកម្លាំងយោធា​របស់រដ្ឋាភិបាល​ស៊ីរី​បានដណ្តើម​កាន់កាប់​ទីក្រុងអាឡេប៉ូ ពីកណ្តាប់ដៃពួកឧទ្ធាម ក្រោមការចូលរួមពី​សម្ពន្ធមិត្តមហាអំណាចរុស្ស៊ី។ នេះបើតាមការអះអាង​របស់ក្រសួងការពារជាតិរុស្ស៊ី ដែលចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០១៦។

ក្រុមឧទ្ទាមគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក អាស្សាដ ប្រធានាធិបតីស៊ីរី បានកាន់កាប់តំបន់ភាគខាងកើតនៃទីក្រុងអាឡេប៉ូ កាលពីឆ្នាំ២០១២ ហើយនាពេលថ្មីៗនេះកងកម្លាំងរដ្ឋាភិបាលស៊ីរី រួមទាំងសម្ព័ន្ធមិត្តមួយចំនួនដូចជារុស្ស៊ី កងជីវពលហេសប៊ូលឡា អ៊ីរ៉ង់ និងកងជីវពលស៊ីអ៊ីត បានចាប់ផ្តើមយុទ្ធនាការក្តៅដើម្បីបញ្ចប់ការកាន់កាប់របស់ពួកឧទ្ទាមនៅក្នុងទីក្រុងមួយនេះ។ ដោយឡែកមនុស្ស ជាង៨០០នាក់បានបាត់បង់ជីវិត និងប្រមាណ ៣,៥០០នាក់ផ្សេងទៀត បានទទួលរងបួសក្នុងការប្រយុទ្ធគ្នា នៅភាគខាងកើតទីក្រុងអាឡេប៉ូ រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមក្នុងអំឡុងពេលជិត ៣០ថ្ងៃចុងក្រោយនេះ៕