(កូរ៉េខាងត្បូង)៖ ក្រោយគណៈប្រតិភូក្រសួងការពារជាតិ ដឹកនាំដោយនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការកងពលតូចលេខ៧០ បានបញ្ចប់ការទស្សនកិច្ចនៅទីក្រុង Deajeon រួមមក  គណៈប្រតិភូក៏បានទទួលស្វាគមន៍ យ៉ាងជ្រាលជ្រៅ និងស្និតស្នាល ដោយលោក គីម លីគ្វ័ន( Mr. KIM LEE KWAN) នាយកក្រុមហ៊ុន SUPPER MILLION LOTTO CO.; LTD ពេលស្នាក់នៅទីក្រុង សេអ៊ូល ផងដែរ។

នៅពេលទទួលបតិសណ្ឋាកិច្ចនេះ នាយកក្រុមហ៊ុន SUPPER MILLION LOTTO Co.;LTD ចង់ស្វែងយល់ឲ្យសីុជំរៅពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីរឹតបន្តឹងចំណងមិត្តភាព និងឈាងការវិនិយោគនៅកម្ពុជានាឆ្នាំ២០១៧ ខាងមុខ។

 សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការ កងពលតូចលេខ៧០ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ អញ្ជើញចូលរួមសន្និសីទ និងពិព័រណ៌លើវិស័យឧស្សាហកម្មការពារជាតិឆ្នាំ២០១៦ ដែលបាន ប្រារព្ធធ្វើឡើង នៅទីក្រុង Daejeon តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិសាធារណៈរដ្ឋកូរ៉េ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែធ្នូ ឆ្នាំ២០១៦។

សន្និសីទសារព័ត៌មាន នៃការពិព័រណ៌លើវិស័យឧស្សាហកម្មការពារជាតិឆ្នាំ២០១៦ បានធ្វើឡើងដោយផ្តោតចំណុចសំខាន់ ទៅលើវិស័យសម្ភារបច្ចេកទេសទំនើបថ្មីៗ ដូចជា សម្ភារទំនាក់ទំនង និងគ្រប់គ្រងព័ត៌មានវិទ្យា សម្ភារការពារ ទីតាំងថ្នាក់នាំ និងសព្វាវុធផ្សេងៗ បម្រើឱ្យវិស័យការពារជាតិ។

ការតាំងពិព័រណ៌នេះមានថ្នាក់ដឹកនាំតំណាងប្រទេសចូលរួមដូចជា តំណាងសមាជិកអាស៑ាន កម្ពុជា ម៉ាឡេស៊ី ភូមា ឥណ្ឌូនេស៊ី និងសេនា-អនុព័ន្ធយោធាបរទេស ប្រចាំនៅសាធារណៈរដ្ឋកូរ៉េ។

នៅក្នុងពិព័រណ៌នោះ គណៈប្រតិភូបានយកចិត្តទុកដាក់តាមដាន និងវាយតំលៃទៅលើការអភិវឌ្ឍន៍ថ្មីៗ នៃបច្ចេកវិទ្យា សព្វាវុធ ឧបករណ៍ការពារ សម្ភារប្រើប្រាស់សម្រាប់ទ័ពគ្រប់ជំនាញ ដើម្បីពាំនាំបទពិសោធន៍ និងចំណេះដឹង ដល់ការអភិវឌ្ឍន៍វិស័យ ការពារជាតិរបស់កម្ពុជា។

ដោយឡែកគណៈប្រតិភូ ក៏ត្រូវបានទទួលបដិសណ្ឋាកិច្ចដ៏កក់ក្តៅ និងយកចិត្តទុកដាក់បំផុតពី សំណាក់នាយកក្រុមហ៊ុន HYUNDIA CORPORATION ផងដែរ៕