(ប៊ុលហ្គារី)៖ មនុស្ស ០៤នាក់បាត់បង់ជីវិត និង២៣នាក់ទៀតទទួលរងរបួសនៅក្នុងហេតុការណ៍រថភ្លើងរអិល​ធ្លាក់ចេញពីផ្លូវ និងផ្ទុះឆេះស្ថិតនៅភាគឦសាននៃប្រទេសប៊ុលហ្គារី។ នេះបើតាមការចេញផ្សាយនៅមុននេះ​បន្តិចដោយសារព័ត៌មាន RT នារសៀលថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦។

រថភ្លើងដឹកប្រេងខាងលើនេះ បានធ្វើដំណើរនៅក្នុងខេត្ត Shumen ស្ថិតនៅភាគឦសានប្រទេស​ដោយមាន​សណ្តោងទូរប្រេងចំនួន ២៦ទូរ ហើយបន្ទាប់ពីការរអិលធ្លាក់ចេញ​ពីផ្លូវនោះវាបានបង្ក​ជាអណ្តាតភ្លើង ឆាបឆេះរហូតដល់ផ្ទុះទូរប្រេង​មួយចំនួនតែម្តង។ បន្ថែមពីនេះទៀតអគារនៅតាមដងផ្លូវដែកមួយចំនួន ក៏ត្រូវបានអគ្គីភ័យលេបត្របាក់ដែរ។

គួរបញ្ជាក់តាមសម្តីរបស់មន្ត្រីពន្លត់អគ្គីភ័យប៊ុលហ្គារីដូច្នេះថា «អ្នករងរបួសទាំង ២៣នាក់ គឺខ្លះមានអការៈ​ធ្ងន់ធ្ងរខ្លាំងដោយការរលាកភ្លើងពាសពេញរាងកាយ ហើយពេលនេះកំពុងតែ​សម្រាកព្យាបាល​នៅមន្ទីរពេទ្យ​Atanas Atanasov»។ សម្រាប់មូលហេតុនៃគ្រោះថ្នាក់ខាងលើនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត៕