(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន ហៅបុរសខ្លាំង លោក រ៉ូឌ្រីហ្គោ ឌូធើតេ (Rodrigo Duterte) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កម្ពុជា និងសឹង្ហបុរី ដោយវាជាផ្នែកមួយនៃដំណើរទស្សនាកិច្ចណែនាំខ្លួនរបស់លោក ទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ក្រោយពីឡើងកាន់តំណែង។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

លោក Duterte នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កម្ពុជា នៅថ្ងៃទី១៣ និង១៤ ខែធ្នូ ហើយក្រោយមកនឹងបន្តឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរី ចាប់ពីថ្ងៃទី១៥ ដល់ទី១៦ ខែធ្នូ។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន លោក Charles Jose បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នាវិមាន Malacanang Palace ប្រទេសហ្វីលីពីន។

នៅក្នុងប្រទេសកម្ពុជា លោក Duterte នឹងចូលក្រាបថ្វាយបង្គំ ព្រះមហាក្សត្រ​ នរោត្តម សីហមុនី ហើយនឹងមានកិច្ចជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ បញ្ហាតំបន់សមុទ្រចិនភាគខាងត្បូង អាចនឹងត្រូវលើកឡើងក្នុងកិច្ចពិភាក្សាទ្វេភាគី របស់លោក Duterte​ ជាមួយសម្តេចតេជោ, នេះបើយោងតាមសម្តី អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីន Charles Jose។  

លោក Jose បានបន្ថែមថា កម្ពុជា និងហ្វីលីពីន អាចនឹងចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការកីឡាផងដែរ។ ក្រៅពីនោះលោក Duterte ក៏នឹងជួបជាមួយជនជាតិហ្វីលីពីន ប្រមាណ៥,០០០នាក់ ដែលកំពុងរស់នៅកម្ពុជា មុននឹងបន្តដំណើរទៅកាន់សឹង្ហបុរី។

ចំណែកនៅក្នុងប្រទេសសឹង្ហបុរីវិញ លោក Duterte នឹងជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Lee Hsien Loong អំពីមធ្យោបាយដើម្បីបង្កើនការវិនិយោគ និងទំហំពាណិជ្ជកម្មទ្វេរភាគី ពង្រឹងការការពារជាតិ និងកិច្ចសហប្រតិបត្តិការសន្តិសុខផងដែរ។ លោកប្រធានាធិបតីហ្វីលីពីន ក៏​មានគម្រោងជួបជាមួយ សហគមន៍ជនជាតិហ្វីលីពីន នៅសឹង្ហបុរីផងដែរនៅថ្ងៃទី១៦ ខែធ្នូ៕