(ហាណូយ)៖ ប្រទេសវៀតណាម ចាប់ផ្តើមធ្វើ​សកម្មភាពបូមខ្សាច់ចេញពី តំបន់កោះប៉ប្រះទឹកដែលស្ថិត​ក្នុងដែនស​មុទ្រចិនខាងត្បូង ដែលនេះជា​សកម្មភាពថ្មីមួយទៀត របស់រដ្ឋាភិបាលវៀតណាមដើម្បីជម្រុញ​ សេចក្តីប្រកាសរបស់ខ្លួនក្នុងតំបន់យុទ្ធសាស្ត្រ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ នេះបើយោងតាម​រូបភាពបង្ហាញ ដោយផ្កាយរណប​ដកស្រង់ ដោយភ្នាក់ងារ​សារព័ត៌មាន Reuters ចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ។

សកម្មភាពនេះត្រូវបានគេមើលឃើញថា វាស្ថិតនៅតំបន់កោះប៉ប្រះទឹក Ladd ដែលស្ថិតនៅក្នុងប្រជុំកោះ Spratly ដែលនេះអាចជាការបញ្ឆេះកំហឹង​កាន់តែខ្លាំង​ដល់ប្រទេសចិន ដែលជាភាគជម្លោះដែនសមុទ្រ​របស់ប្រទេសវៀតណាម។ ប្រទេសចិនបានប្រកាសពី ដែនអធិបតេយ្យភាពរបស់ខ្លួន​នៅលើ​ប្រជុំកោះ និងតំបន់ដែនសមុទ្រដែលសម្បូរដោយធនធានធម្មជាតិទាំងនេះ។

តំបន់កោះប៉ប្រះទឹក Ladd ដែលស្ថិតនៅភាគនិរតីនៃប្រជុំកោះ Spratelys តែងតែត្រូវទឹកជន់លិចទាំងស្រុង​នៅពេលមានទឹកជោរ ហើយកោះនេះក៏ត្រូវ បានតៃវ៉ាន់ប្រកាសថា ជាកម្មសិទ្ធិរបស់ខ្លួនផងដែរ។  

គួររំលឹកថាតាមរយៈរូបភាពចុះផ្សាយថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅនេះ និងរូបភាពដែលថតដោយផ្កាយរណប ដែលមានមូលដ្ឋានក្នុងដែនដីសហរដ្ឋអាមេរិក បានបង្ហាញថានាវាជាច្រើនគ្រឿងត្រូវបានគេឃើញថា មាន​សកម្មភាពជីកថ្មីៗជាច្រើនទៀត ខណៈដែលចេតនានៃសកម្មភាពនេះ មិនទាន់ត្រូវបានរកឃើញ នៅឡើយ​នោះទេ។

ទោះបីជាយ៉ាងនេះក្តីអ្នកវិភាគបានសន្និដ្ឋានថា វាអាចជាសញ្ញាបង្ហាញថាសកម្មភាពបែបនេះ ក៏កំពុងកើតឡើង​នៅលើកោះប៉ះប្រះទឹកដទៃទៀតផងដែរ។ អ្នកវិភាគម្នាក់បានបញ្ជាក់ថា «ស្ថិតក្នុងស្ថានភាពនេះ​យើងឃើញ​ថាយុទ្ធសាស្ត្ររបស់ប្រទេស​វៀតណាម គឺការបង្កើនវិស័យការពារជាតិរបស់ខ្លួន។ ពួកគេកំពុងធ្វើគ្រប់យ៉ាង​ដែលអាចធ្វើបានដើម្បីដោះស្រាយរាល់បញ្ហានានា»

ដោយឡែកប្រភពពីសារព័ត៌មាន Reuters ធ្លាប់បានបញ្ជាក់កាលពីខែសីហា កន្លងទៅនេះថា ប្រទេស វៀតណាម បានត្រៀមទប់ទល់នឹងគូសត្រូវរបស់ខ្លួន ដោយបំពាក់កាំភ្លើងខ្នាតធំ​ដែលអាចផ្លាស់ទីបាននៅលើ​កោះមួយចំនួនដើម្បីគំរាមដល់ចិន ដែលកាន់កាប់រាល់ច្រកធ្វើពាណិជ្ជកម្មរបស់ខ្លួន ប៉ុន្តែរដ្ឋមន្ត្រីការបរទេស វៀតណាមមិនបានធ្វើការឆ្លើយតបណាមួយ ចំពោះបញ្ហានេះឡើយ។

ជាមួយគ្នានេះដែរអ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិន លោក Lu Kang បានថ្លែងក្នុងសន្និសីទសារព័ត៌មាន​កាលពីថ្ងៃសុក្រ កន្លងទៅនេះថា ប្រទេសចិនបានកាន់កាប់លើប្រជុំកោះ Spratlys និងកោះប៉ប្រះទឹក Ladd។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «យើងសូមអំពាវនាវដល់បណ្តាប្រទេស ដែលពាក់ព័ន្ធទំាងអស់ សូមគោរពអធិបតេយ្យភាព និងសិទ្ធិរបស់ប្រទេសចិន ព្រមទាំងបញ្ឈប់ប្រតិបត្តិការ ឬការឈ្លានពានដោយ​ខុសច្បាស់ និងរាល់សកម្មភាពទាំងអស់ដែលបង្កភាពតានតឹងក្នុងតំបន់»

តាមសម្តីរបស់លោក Greg Poling អ្នកជំនាញផ្នែកសមុទ្រចិនខាងត្បូង​នៅមជ្ឈមណ្ឌលវ៉ាស៊ីនតោន ដើម្បីយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិបានបញ្ជាក់ថា «ប្រទេសវៀតណាមដឹងច្បាស់ថា ខ្លួនមិនអាចប្រកួត​ប្រជែងជាមួយចិនបានទេ ប៉ុន្តែវៀតណាមពិតជាចង់បង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីឱ្យអន្តរជាតិចាប់​អារម្មណ៍ខ្លួនផងដែរ»។ កន្លងមកប្រទេសវៀតណា​មមានក្តីបារម្ភខ្លាចចិនចាប់ផ្តើម​សកម្មភាព​យោធាជាថ្មី នៅលើប្រជុំកោះ Spratlys  ដោយបារម្ភខ្លាចសកម្មភាពយោធា​នេះ​កាន់តែមានទ្រង់ទ្រាយធំជាលំដាប់  ហើយវៀតណាមក៏បានរង្គាសចិត្ត​ប្រទេសហ្វីលីពីនផងដែរ ដែលបានធ្វើ សកម្មភាពប្រឆាំងនឹង សេចក្តី​ប្រកាស​ពីដែនអធិបតេយ្យភាពរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។

គួររំលឹកផងដែរថាប្រទេសចិនបានសង្គ្រប់យក​ប្រជុំកោះ Spratlys ជាលើកដំបូងបន្ទាប់ពីការធ្វើ​សង្គ្រាមជាមួយប្រទេសវៀតណាមក្នុងឆ្នាំ១៩៨៨។ ប្រទេសវៀតណាមបានបញ្ជាក់ថា យោធា៦៤នាក់​បានស្លាប់ក្នុងហេតុការណ៍នេះ ខណៈដែលពួកគេព្យាយាមការពារទង់ជាតិវៀតណាមនៅកោះប៉ប្រះទឹក South Johnson ដែលបច្ចុប្បន្នវានៅតែស្ថិតនៅ​ដិតដាមជានិច្ច​សម្រាប់រដ្ឋាភិបាលក្រុងហាណូយ៕