(វ៉ាស៊ីនតោន)៖ លោក ចន គ្លេន (John Glenn) ដែលជាអវកាសយានិកដំបូងរបស់សហរដ្ឋអាមេរិក​ ដែលបាន​ទៅដល់គន្លងគោចររបស់ភពផែនដីនោះ បានទទួលមរណភាពហើយនៅអាយុ ៩៥ឆ្នាំ ខណៈអង្គការ NASA ដែលជាទីលោក គ្លេន ធ្លាប់បំពេញការងារយ៉ាងសកម្មនោះ កំពុងតែសម្តែងនូវក្តីសោកស្តាយជាពន់ពេក។ នេះបើតាមការផ្សាយរបស់​​ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងបណ្តាញសង្គម Twitter របស់ NASA បានបង្ហោះសារ​ដ៏សោកសៅមួយថា «យើងពិតជាពោរពេញ​ដោយទុក្ខក្រៀមក្រំបំផុត ចំពោះការលាចាក​របស់លោក ចន គ្លេន ដែលជាអវកាយានិក​អាមេរិកដំបូងបំផុត​ដែលបានធ្វើដំណើរទៅកាន់​គន្លងគោចរនៃភពផែនដី។ គាត់ជាវីរៈបុរសពិតប្រាកដ​របស់អាមេរិក...​»

គួរបញ្ជាក់តាមព័ត៌មានរបស់អង្គារ NASA ថាលោក គ្លេន បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) នៅឯមជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Wexner នៃសកលវិទ្យាល័យ​អូហៃយ៉ូ ក្នុងទីក្រុង Columbus។ លោក គ្លេន កើតនៅឆ្នាំ១៩២១ ហើយបានធ្វើដំណើរទៅកាន់គន្លងគោចរលើភព​ផែនដី កាលពីឆ្នាំ១៩៦២ និងជាមនុស្សទី០៥ ដែលបានធ្វើដំណើរទៅកាន់ទីអវកាសផងដែរ៕