(អាមេរិក)៖ លោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកបានមួយខែនោះ បានលើក​ឡើងថាលោក សហរដ្ឋអាមេរិកត្រូវការការធ្វើឲ្យ​ទំនាក់ទំនង ជាមួយប្រទេសចិន​ បានប្រសើរឡើង បន្ទាប់ពី​លោកបានរិះគន់ចិនរឿងនយោបាយសេដ្ឋកិច្ច​មិនស្មោះត្រង់ និងការបរាជ័យរបស់​ទីក្រុងប៉េកាំង ក្នុងការ​ដាក់​សម្ពាធទៅលើប្រទេស​កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ​នៅមុននេះបន្តិច ដោយសារព័ត៌មាន​Channel News Asia នាព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

លោក ដូណាល់ ត្រាំ បានប្រាប់ប្រជាជន​ដែលប្រមូលផ្តុំគ្នាក្នុងរដ្ឋ Iowa ដើម្បីស្វាគមន៍ដំណើរមកដល់របស់​ប្រធានាធិបតី ទើបជាប់ឆ្នោតរូបនេះយ៉ាងដូច្នេះថា «ទំនាក់ទំនងមួយ ក្នុងចំណោមទំនាក់ទំនងដែលសំខាន់​បំផុតដែលយើងត្រូវតែធ្វើឲ្យប្រសើរឡើងនោះ គឺទំនាក់ទំនងរបស់យើងជាមួយនឹងប្រទេសចិន។ សហរដ្ឋ​អាមេរិក និងប្រទេសចិនគឺជាយក្សសេដ្ឋកិច្ចទាំងពីរ នៅលើសកលលោក។ ប្រទេសចិនមិនមែនជាប្រទេស​នៃសេដ្ឋកិច្ចទីផ្សារនោះទេ។ ពួកគេមិនត្រូវបានគ្រប់គ្រងដោយច្បាប់នោះឡើយ ហើយខ្ញុំក៏ដឹងថាពេលនេះ វា​គឺសមល្មមនៅក្នុងការចាប់ផ្តើមហើយ»

គួរបញ្ជាក់ថាលោក ត្រាំ ធ្លាប់រិះគន់ចិនជារឿយៗអំឡុងពេល នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ហើយរឿងរ៉ាវកាន់ធ្ងន់ធ្ងរជាងនេះគឺ ការសន្ទនាតាមទូរស័ព្ទដោយផ្ទាល់មិនធ្លាប់មានរវាងលោក នឹងលោកស្រី ត្សៃ ដែលជាប្រធានាធិបតីកោះតៃវ៉ាន់​ កាលពីសប្តាហ៍មុននេះ​​ដែលបានបង្កជាកំហឹង និងការរិះគន់យ៉ាងខ្លាំងពី​សំណាក់រដ្ឋាភិបាល​ទីក្រុងប៉េកាំង។ ទោះបីជាបែបនេះក្តី ភាពច្បាស់លាស់នៃនយោបាយ​របស់លោក ត្រាំ នឹងត្រូវបង្ហាញជាផ្លូវការ​បន្ទាប់ពីថ្ងៃស្បថ ឡើងកាន់តំណែងជា​ប្រធានាធិបតីអាមេរិក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕