(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ នៅព្រឹកថ្ងៃសុក្រនេះ បានបំពេញដំណើរទស្សនកិច្ច​ជាបន្ទាន់មួយទៅកាន់ខេត្ត អាសេ ដែលទទួលរងគ្រោះធ្ងន់ធ្ងរបំផុតដោយតែការរញ្ជួយផែនដីកម្រិត ៦.៤ រ៉ិចទ័រ កាលពីដើមសប្តាហ៍នេះ ដែលបានផ្តាច់ជីវិតមនុស្ស ១០២នាក់ និងបង្ករបួសជាង ១,០០០នាក់ ព្រមជាមួយ​និងប្រជាជនជាង ១០,០០០នាក់ទៀតបាត់បង់ផ្ទះសម្បែង។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នៅមុននេះបន្តិច​នាព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

លោកប្រធានាធិបតី​បានធ្វើដំណើរទៅកាន់តំបន់ធំៗ​ចំនួនបី ដែលស្ថិតនៅក្នុងខេត្តអាសេ នៃកោះស៊ូម៉ាត្រា របស់ប្រទេស​ឥណ្ឌូណេស៊ី ដែលបានទទួលរងគ្រោះ ដោយការរញ្ជួយដីធ្ងន់ធ្ងរជាងគេ នាំឲ្យអគារព្រះវិហារ លំនៅដ្ឋាន និងអគារមួយចំនួនទៀត​ដួលរលំចុះមក និងបានសង្កត់មនុស្សស្លាប់​ជាច្រើននាក់​ នាដើមសប្តាហ៍​នេះ។ នៅក្នុងឱកាសនោះ​លោកប្រធានាធិបតី​​ ដែលប្រជាជននិយមហៅឈ្មោះថា ចូកូវី បាន «បញ្ជាឲ្យ​ក្រុមសង្គ្រោះធ្វើការស្តារឡើងវិញ​នូវហេដ្ឋា​រចនាសម្ព័ន្ធនានា ជូនប្រជាជន​ឲ្យបានលឿនបំផុត»

គួរបញ្ជាក់ថា ការស្តារឡើងវិញនោះគឺសំដៅទៅលើការកសាងលំនៅឋាន ប្រព័ន្ធដឹកជញ្ជូន ទឹកស្អាត ជំរកបណ្តោះអាសន្ន មន្ទីរពេទ្យ និងការផ្គត់ផ្គង់ចំណីអាហារជាដើម ហើយក្រុមគ្រួសារដែលមានមនុស្សរង​របួសដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ត្រូវតែទទួលបានការយកចិត្តទុកដាក់ខ្ពស់។ សូមរំលឹកថា ប្រទេស​ឥណ្ឌូណេស៊ី​ជាដែនដីនៃប្រជុំកោះ​ទាំង ១៧,០០០កោះ ដែលងាយនឹងទទួលរងគ្រោះធម្មជាតិជាងគេ​បំផុត​​ដូចជា បន្ទុះភ្នំភ្លើង, រញ្ជួយដីផែនដី, និងព្យុះកំណាចជារៀងរាល់ឆ្នាំ ដោយសារតែវាស្ថិតនៅក្នុងតំបន់ «Ring of Fires» ព័ទ្ធជុំវិញមហាសាគរប៉ាស៊ីហ្វិក៕