(សេអ៊ូល)៖ បើទោះបីជាលោកស្រី ផាក គឺនហេ បានទទួលយកការលាលែងពីមុខតំណែង នៅខែមេសាខាងមុខនេះ ក៏ដោយ​ក៏ក្រុមសមាជិកសភាបក្ស​ប្រឆាំងកូរ៉េខាងត្បូង បានដាក់ជូនសភាជាផ្លូវការហើយ នូវសំណើបង្ខំឲ្យអនុវត្តន៍ដំណើរការនីតិវិធីទម្លាក់ លោកស្រី ផាក ពីតំណែងជាប្រធានាធិបតី ក្រោយលោកស្រី​ផ្ទាល់បានផុងខ្លួនកាន់តែជ្រៅ ​នៅក្នុងរឿងអាស្រូវ​ពុករលួយ​នយោបាយជាមួយស្ត្រីឈ្មោះ ឆយ ស៊ូនស៊ីល ដែលបានធ្វើឱ្យរង្គោះរង្គើពាសពេញផ្ទៃប្រទេស។ ជីវិតនយោបាយរបស់លោកស្រី ផាក គួរតែនឹងត្រូវបាន​កំណត់ដោយសភា នៅម៉ោង៣៖០០នាទីរសៀលថ្ងៃសុក្រនេះ។ នេះបើតាមការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងសំណើខាងលើ​ក្រុមតំណាងរាស្ត្របក្សប្រឆាំងបានចោទប្រកាន់ លោកស្រី ផាក ថាបានរំលោភលើ​រដ្ឋធម្មនុញ្ញប្រព្រឹត្តិអំពើពុករលួយ និងរំលោភអំណាចសាធារណៈ។ ដូច្នេះបើសិនជា​សភាយល់ព្រមអនុម័ត លើសំណើនេះ​ហើយ​ក្នុងរយៈពេល០៦ខែយ៉ាងយូរ បើតុលាការធម្មនុញ្ញ​ក៏យល់ព្រមផ្ដល់សុពលភាព​ដែរនោះ វាមានន័យ​ថាលោកស្រី ផាក នឹងក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេ ដែលត្រូវបានបញ្ចប់អាណត្តិ​នៅអំឡុងពេលកំពុង​កាន់តួនាទី។

ដោយ​ឡែក​នៅក្នុងករណីដូចគ្នានេះដែរ បើសភាទាំងមូលអនុម័ត​លើសំណើរនេះ​លោកស្រី ផាក គឺនហេ នឹងត្រូវគេបញ្ឈរជើងដោយទុកឱ្យនាយករដ្ឋមន្ត្រី លោក វ៉ាង ឃ្យូអាន់ (Hwang Kyo-ahn) កាន់តំណែងប្រធានាធិបតីជំនួសជាបណ្ដោះអាសន្ន។

គួររំលឹកថា​នៅក្នុងសុន្ទរកថា​ជាលើកទី៣ លោកស្រី ផាក គឺនហេ បានអះអាងថា លោកស្រីនឹងទុកឱ្យ​សភា និងតុលាការធម្មនុញ្ញ​ជាអ្នកកំណត់ពីជោគវាសនា របស់លោកស្រី ពោលគឺលោកស្រីនឹងទទួលយក ក្នុងករណីស្ថាប័នកំពូលទំាង​នេះអនុម័តលើនីតិវិធីទម្លាក់​លោកស្រី ពីតំណែងជាប្រធានាធិបតី។ យ៉ាងណា​ក៏ដោយ​ក្រុមអ្នកតំណាងរាស្ត្រគាំទ្រ លោកស្រី ផាក បានទទូចឱ្យសភាទុកពេលឱ្យលោកស្រី លាលែងពី​តំណែង​ដោយខ្លួ​នឯង​ដូចការគ្រោងទុកនៅ ខែមេសាព្រមទាំងរៀបចំការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​ថ្មី នៅខែមិថុនា ឆ្នាំ២០១៧ ក្រោមហេតុផលការទម្លាក់ប្រធានាធិបតី ពីអំណាច​នឹងធ្វើឱ្យកិច្ចការរដ្ឋ​ច្របូកច្របល់៕