(សូឡូម៉ង់)៖ មជ្ឈមណ្ឌលព្រមានពី រលកយក្សស៊ូណាមិតំបន់ប៉ាស៊ីហ្វិក បានឱ្យដឹងថា ការប្រកាសអាសន្នឬការឃ្លំា មើលរលកយក្សស៊ូណាមិ នៅកោះហាវ៉ៃ ត្រូវបានលុបចោលហើយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៨.០រិចទ័រ បានវាយ ប្រហារប្រទេសដីកោះសូឡូម៉ង់ (Solomon Islands) ស្ថិតនៅភាគខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

ទន្ទឹមគ្នានោះដែរ គ្រោះរញ្ជួយដីកម្រិត៦.៩រិចទ័រ ក៏បានវាយប្រហារឆ្នេរភាគខាងជើង រដ្ឋ California សហរដ្ឋអាមេរិក ដែលមានជម្រៅរញ្ជួយ១០គីឡូម៉ែត្រ ប៉ុន្តែមិនទាន់មានរបាយការណ៍លម្អិត អំពីស្ថានភាពគ្រោះថ្នាក់នៅឡើយទេ។ ចំណែកឯ គ្រោះរញ្ជួយដីកម្រិត៨.០រិចទ័រ នៅឯកោះ Solomon Islands បានកើតឡើងនៅម៉ោងប្រមាណជា ៧៖៣៨នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) ប៉ុន្តែក្រោយមកគ្រោះរញ្ជួយដីនេះ បានថមថយកម្លំាងមកនៅត្រឹម៧.៨រិចទ័រ ដែលជាហេតុធ្វើឱ្យអាជ្ញាធរ ប្រកាសលុបចោលសញ្ញាប្រកាសអាសន្ន ក៏ដូចជាការឃ្លំាមើលរលកយក្សសូណាមិ ក្រោមហេតុផលគ្មានសញ្ញាណបង្ករហានិភ័យនៃរលកយក្សស៊ូណាមិ៕