(​មូស្គូ)៖ រុស្ស៊ីនៅតែបន្តពង្រឹងវិស័យការពារជាតិរបស់ខ្លួន នៅតាមតំបន់ព្រំដែន តាមរយៈការដាក់ពង្រាយប្រព័ន្ធស្ទាក់ ចាប់មីស៊ីលធុន S-​400 Triumf  នៅឯភាគពាយព្យនៃប្រទេស ដើម្បីកំញើញអង្គការណាតូ ដែលបាននិងកំពុងបង្កើន វត្តមានយោធានៅតំបន់អឺរ៉ុបខាងកើត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។

ជុំវិញការដាក់ពង្រាយ S-​400 Triumf នេះដែរ អ្នកនាំពាក្យយោធារុស្ស៊ីប្រចំាតំបន់ភាគខាងលិច លោក Igor Mouguinov មិនបានបញ្ជាក់ពីចំនួនពិតប្រាកដ នៃគ្រាប់មីស៊ីលត្រូវដាក់ឱ្យ​ដំណើរការនោះទេ​គ្រាន់តែលោក​ប្រាប់ឱ្យដឹងដូច្នេះថា «នៅថ្ងៃនេះប្រព័ន្ធស្ទាក់ចាប់មីស៊ីល​រយៈចំងាយឆ្ងាយធុន S-​400 Triumf  ត្រូវបានដាក់ឱ្យដំណើរការហើយ​ ក្នុងគោលបំណងការពារ​តំបន់ព្រំដែនរុស្ស៊ីភាគពាយ័ព្យ​ពីការឈ្លានពាន ពីសំណាក់សត្រូវ»

គួរបញ្ជាក់ថាប្រព័ន្ធមីស៊ីល​ស្ទាក់ចាប់មីស៊ីលធុន S-​400 Triumf មានសមត្ថភាពទប់ទល់នឹងវាយប្រហារ​គោលដៅជាច្រើនដូចជា យន្ដហោះចម្បាំង និងគ្រាប់មីស៊ីលនៅរយៈចំងាយ ៤០០គីឡូម៉ែត្រ៕