(​បាងកក)៖ ប៉ូលិសថៃនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា ជនសង្ស័យជួញដូរគ្រឿងញៀន ០៧នាក់ ត្រូវបានបាញ់សម្លាប់​នៅអំឡុងពេលប៉ះទង្គិចគ្នា​ដោយប្រដាប់អាវុធជាមួយអាជ្ញាធរ នៅឯខេត្តភាគខាងជើង​នៃប្រទេសថៃ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានចិន​ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។

ប្រភពដដែលបានឱ្យដឹងដែរថា ការប៉ះទង្គិចគ្នារយៈពេល ១៥នាទីដោយអាវុធរវាងក្រុមជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និងក្រុមប៉ូលិសបានកើតឡើងនៅក្នុងស្រុក Mae Aye នៃខេត្ត Chiang Mai ជាប់ព្រំដែន​ជាមួយប្រទេសមីយ៉ាន់ម៉ា ដោយក្នុងនោះប៉ូលិស​បានបាញ់សម្លាប់ជនសង្ស័យចំនួន ០៧នាក់ ខណៈមនុស្សជា​ច្រើននាក់ផ្សេងទៀតបានរត់គេចខ្លួន​ចូលទៅកាន់​តំបន់ភ្នំ។

គួររំលឹកថានៅក្នុងប្រតិបត្តិការនេះ ក្រុមប៉ូលិសថៃបានរឹបអូស​គ្រឿងញៀន «មេតំហ្វេតាមីន» យ៉ាងហាចណាស់ ៤០០,០០០កញ្ចប់ និងថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ១០គីឡូក្រាមផងដែរ៕