(វ៉ាស៊ីនតោន)៖ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ និងជាមហាសេដ្ឋីអចលនទ្រព្យ​មួយរូប​បានធ្វើការរិះគន់ធ្ងន់ៗទៅ​លើក្រុមហ៊ុន Boeing ថាយន្តហោះ Air Force One ជំនាន់ថ្មីថ្លៃហួសហេតុនោះ មានសេចក្តីរាយការណ៍មួយចំនួនបានបង្ហាញថា ការផលិតយន្តហោះសម្រាប់មេដឹកនាំកំពូល​នៃ​សហរដ្ឋអាមេរិក​ទំនងជាសក្តិសម​បំផុតទៅនឹងតម្លៃរបស់វា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនា​រសៀលថ្ងៃព្រហស្បតិ៍​ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។

យន្តហោះ Air Force One បច្ចុប្បន្នមានចំណាស់ជិតបីទសវត្សរ៍មកហើយនេះតាមពិតទៅ គឺជាយន្តហោះ Boeing 7470-200 កែច្នៃដែលមានប្រវែង ៧០.៦ម៉ែត្រ និងមានទទឹងពីចុងស្លាប​ម្ខាងទៅម្ខាងប្រវែង​មិនខ្លីជាង ៥៩.៦ម៉ែត្រនោះឡើយ​ដើម្បីបំពេញតម្រូវចាំបាច់ ​ជាពិសេសៗរបស់​ប្រធានាធិបតីអាមេរិក។

បន្ថែមពីនេះវាត្រូវបានគេដាក់រហ័សនាមថា «ការិយាល័យហោះ» ឬក៏ «បន្ទាយលើអាកាស» របស់មេដឹកនាំ​កំពូលនៃសហរដ្ឋអាមេរិកយន្តហោះបីថ្នាក់នេះ មានទំហំ៤០០ម៉ែត្រការ៉េនិងអាច​ផ្ទុកបាននូវបន្ទប់​ប្រជុំមួយ, បន្ទប់ស្រស់ស្រូបអាហារមួយ, បន្ទប់ឯកជនផ្សេងៗ​សម្រាប់ប្រធានាធិបតី, ការិយាល័យសម្រាប់​មន្រ្តីជាន់ខ្ពស់, កន្លែងធ្វើសន្និសីទ​កាសែត, បន្ទប់ប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត ដែលអមជាមួយនិងក្រុមវេជ្ជបណ្ឌិតគ្រប់​ជើងហោះហើរទាំងអស់, ផ្ទះបាយសម្រាប់​ធ្វើម្ហូបចំនួនពីរ​កន្លែងដែលអាចទទួល​ភ្ញៀវដល់ទៅ ១០០នាក់, និងប្រព័ន្ធទំនាក់ទំនង ដ៏សម្បូរបែប​និងទំនើបៗជាច្រើនទៀត។

បន្ថែមពីនេះយន្តហោះ Air Force One ក៏មានប៉ុស្តិ៍បញ្ជាការដែនអាកាស និងសម្ភារៈការពារខ្លួនដូចជា​មីស៊ីល​ប្រឆាំងយន្តហោះចម្បាំងជាដើមផងដែរ ហើយជាងនេះទៅទៀត វាមានសមត្ថភាពធ្វើប្រតិបត្តិការ​​បានជាធម្មតាសូម្បីតែនៅក្នុងកាលៈទេសៈនៃសង្រ្គាមនុយក្លេអ៊ែរក៏ដោយ។

នៅក្រោមកិច្ចសន្យាជាមួយ​រដ្ឋាភិបាល ក្រុមហ៊ុន Boeing ដែលជាអ្នកផលិតយន្តហោះឲ្យ​សហរដ្ឋអាមេរិក​ចាប់តាំងពីឆ្នាំ១៩៤៣ មកនោះ​កំពុងតែផលិតយន្តហោះ​ប្រធានាធិបតីថ្មី ដោយប្រើប្រាស់​យន្តហោះ Boeing 747-8 ដែលមានទំហំធំជាង និងប្រសើរជាងមុនជាគំរូ ប៉ុន្តែថវិកាសម្រាប់គំរោង​នៃការផ្លាស់ប្តូរដ៏សំខាន់នេះ បានដាក់កំណត់តម្លៃត្រឹម ២.៩ពាន់លានដុល្លារតែប៉ុណ្ណោះ។

ដោយឡែកប្រធានាធិបតីអាមេរិកត្រូវការយន្តហោះ Air Force One ចំនួនពីរគ្រឿងដើម្បីធានាឲ្យបានជានិច្ច​នូវតម្រូវការរបស់លោក​ក្នុងករណីដែល យន្តហោះមួយគ្រឿង​ត្រូវស្ថិតក្រោមការជួសជុល ហើយយន្តហោះ​ជំនាន់ថ្មីនេះត្រូវគេរំពឹងថា​នឹងមានទំហំធំជាងមុន និងបំពាក់ដោយសម្ភារៈបរិក្ខា​ដ៏ល្អប្រសើរផងដែរ ដែលវាធ្វើឲ្យការចំណាយសរុបមានចំនួនប្រហែលជាង ៤ពាន់លានដុល្លារ។ នេះគឺជាអ្វីដែលលោក ដូណាល់ ត្រាំ អនាគតមេដឹកនាំកំពូល​សហរដ្ឋអាមេរិក​មិនសប្បាយចិត្តនោះ ដោយលោកបានិយាយថា​តម្លៃគឺថ្លៃ​ហួសហេតុ និងបានស្នើឲ្យលុបចោលការបញ្ជាទិញជាបន្ទាន់ តាមរយៈគណនី Twitter របស់លោក។

យ៉ាងណាមិញលោក Mark Cancian ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាអន្តរជាតិ​ និងយុទ្ធសាស្រ្តដែល​មានចំណេះដឹងទំលំទូលាយ​ទាក់ទងនឹងការទិញដូរ​អាវុធការពារជាតិ​របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា​តម្លៃនេះមើលទៅគឺសមរម្យ ដោយយន្តហោះ Air Force One ថ្មីនឹងត្រូវធ្វើការតំឡើងប្រព័ន្ធអគ្គិសនី​ទៅជា​ទម្រង់បែបយោធាទាំងអស់ និងមានប្រព័ន្ធថាមពលបម្រុងចំនួនពីរ, រួមជាមួយ​បរិក្ខា​ទាក់ទងយោធា ព្រមទាំង​ប្រព័ន្ធការពារខ្លួនផងដែរ ដែលរបស់ទាំងអស់នេះមានតម្លៃថ្លៃ និងត្រូវចំណាយពេលយូរឆ្នាំដើម្បី​ធ្វើការអភិវឌ្ឍន៍ និងរួមបញ្ចូលគ្នា។

គួរបញ្ជាក់ថាសេតវិមានរំពឹងថាយន្តហោះប្រធានាធិបតីជំនាន់ថ្មីនេះ នឹងអាចដាក់ឲ្យប្រើប្រាស់បានជាផ្លូវការ​នៅក្នុងឆ្នាំ២០២៣ ដែលមានន័យថាអនាគតប្រធានាធិបតីគឺលោក ដូណាល់ ត្រាំ ជាអ្នកមាននាទី​ទទួល​បន្ទុក​អនុវត្តន៍កម្មវិធីនេះទៅមុខទៀតបន្តពីលោក បារ៉ាក់ អូបាម៉ា៕