(អ៊ុយក្រែន)៖ ក្រុមហ៊ុន Antonov របស់ប្រទេសអ៊ុយក្រែន ដែលជាអ្នកផលិតយន្តហោះ មានទំហំដ៏ធំជាងគេ​បង្អស់​លើពិភពលោក បានផ្តល់ឱកាសធ្វើជាផ្គត់ផ្គង់យន្តហោះ​ទៅឲ្យអនាគត​ប្រធានា​ធិបតី​​អាមេរិកលោក ដូណាល់ ត្រាំ ដើម្បីពិចារណាយកធ្វើជាយន្តហោះប្រធានាធិបតី Air Force One បន្ទប់ពីមហាសេដ្ឋីអចលន​ទ្រព្យរូបនេះ បានធ្វើការរិះគន់ធ្ងន់ៗ ទៅលើតម្លៃរបស់ក្រុមហ៊ុន Boeing ដែលជាអ្នកផលិតយន្តហោះឲ្យ​សហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៤៣ មកម៉្លេះនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Ukraine Today នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៦។

ក្រុមហ៊ុន Antonov បានសួរទៅកាន់លោក ដូណាល់ ត្រាំ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ដូច្នេះថា «ប្រហែលជាវាប្រសើរជាងបើសិនជាលោក ត្រាំ ពិចារណាក្នុង​ការយក​យន្ត​ហោះ​រ​បស់ក្រុមហ៊ុន​យើងទៅធ្វើជាយន្តហោះ Air Force One» នៅក្រោយពេលដែលកាលពីថ្ងៃអង្គាសប្តាហ៍នេះ លោក ដូណាល់ ត្រាំ បានលើកឡើងថា «ក្រុមហ៊ុន Boeing កំពុងតែ​ផលិតយន្តហោះ Air Force One ថ្មីសម្រាប់អនាគត​ប្រធានាធិបតីអាមេរិក ប៉ុន្តែក្នុងតម្លៃហួសហេតុពេល គឺដល់ទៅជាង ៤ពាន់លានដុល្លារក្នុងមួយគ្រឿង, លុបចោលការ​បញ្ជា​ទិញភ្លាមទៅ!»

មកទល់ពេលនេះ ក្រុមហ៊ុន Antonov ធ្លាប់បានផលិតយន្តហោះសរុបតែ២០គ្រឿងប៉ុណ្ណោះ ចាប់តាំងតែពី​ប្រទេសអ៊ុយក្រែនទទួលបាន ឯករាជ្យកាលពីឆ្នាំ១៩៩១ មកហើយក្រុមហ៊ុននេះ​មានឈ្មោះ​ដ៏ល្បីរន្ទឺ​​គឺដោយសារ​តែជាអ្នកផលិតយន្តហោះធំជាងគេបំផុតលើលោក ដែលមានឈ្មោះថា «Antonov-225 Mriya» ជាប្រភេទយន្តហោះដឹកជញ្ជូន និងត្រូវបានរចនាឡើងនៅក្នុង​ផ្នែកនៃកម្មវិធី​អវកាស​របស់សហភាពសូវៀត (បច្ចុប្បន្នគឺរុស្ស៊ី)។

គួរបញ្ជាក់ដែរថា ទោះជាយ៉ាងណាក្តីគេពុំទាន់ឃើញមានការឆ្លើយតបភ្លាមៗ ណាមួយពីសំណាក់លោក ដូណាល់ ត្រាំ នោះឡើយហើយអនាគតប្រធានាធិបតីអាមេរិករូបនេះ៕