(វ៉ាស៊ីនតោន)៖ ទស្សនាវដ្ដី Time Magazine​ នៅថ្ងៃពុធនេះ បានសម្រេចចិត្តតែងតាំងអានាគតប្រធានាធិបតីអាមេរិក ថ្មី លោកដូណាល់ ត្រាំ ជាបុគ្គលល្បីប្រចំាឆ្នាំ២០១៦ ឬគេស្គាល់ថា (Person of the Year 2016) ហើយដែលការ តែងតាំងនេះធ្វើឡើងនៅបន្ទាប់ពី មហាសេដ្ឋីអចលទ្រព្យរូបនេះ បានផ្ដួលលោកស្រី ហ៊ីលឡារី គ្លីនតុន មិនគួរឱ្យជឿ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅយប់ថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

ជុំវិញការតែងតាំងនេះដែរ លោក ត្រាំ បាននិយាយយ៉ាងខ្លីប្រាប់ស្ថានីយ៍ទូរទស្សន៍ NBCថា «វាគឺជាកិត្តយសធំបំផុត និង មានន័យណាស់សម្រាប់រូបលោក»

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ត្រូវបានគេជ្រើសរើសក្នុងនាមជាបុគ្គលល្បីប្រចំាឆ្នាំ២០១៦ ពីបញ្ជីឈ្មោះដែលរួម មានលោកស្រី ហ៊ីលឡារី គ្លីនតុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ​ព្រមទាំងអតីតប្រធានគណបក្សឯករាជ្យ អង់គ្លេសលោក Nigel Farage ដែលបានដឹកនាំប្រកបដោយ​ជោគជ័យនូវយុទ្ធនាការ​បោះឆ្នោតប្រជាមតិស្ដីពី Brexit ខណៈ លោកស្រីគ្លីនតុន ឈរនៅលេខរៀងទី២ បន្ទាប់ពីលោកដូណាល់ ត្រាំ៕