(ហ្សការតា)៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចឥណ្ឌូណេស៊ីលោកស្រី Khofifah Indar Parawansa បានឲ្យដឹងថា​ជំនួយផ្សេងៗរួមនិងជនស្ម័គ្រចិត្តចំនួន ៣៣,០០០នាក់នឹងត្រូវបញ្ជូនជាបន្ទាន់​ទៅកាន់ខេត្តអាសេ (Aceh) នៅភាគលិចបំផុត​នៃប្រទេស ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយ ការរញ្ជួយដ៏កក្រើក​នាព្រឹកមិញនេះ ខណៈចំនួនមនុស្សស្លាប់បានកើនដល់ ៩៧នាក់​ និងរាប់រយនាក់ផ្សេងទៀតបានទទួលរងរបួស។ នេះបើតាម​ការ​ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

លោកស្រី Khofifah Parawansa បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងចង់ផ្តល់ការធានាទុកចិត្តថា​ក្រុមជំនួយស្បៀងអាហាររបស់ពួកយើង នឹងអាចទៅដល់តំបន់ Pidie Jaya បានហើយសូមឲ្យប្រជាជននៅ​តំបន់នោះកុំមានក្តីព្រួយបារម្ភខ្លាំងថ្វី។ ម៉្យាងវិញទៀតទោះជាមានការលំបាក​យ៉ាងណាក្តីយើងនឹងខិតខំប្រឹង​ប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត​ដើម្បីយ៉ាងណា​បញ្ជូនជំនួយ​សង្រ្គោះផ្សេងៗ ឲ្យទៅដល់ដៃជនរងគ្រោះ​ដែលកំពុងស្ថិតនៅតំបន់រងការបំផ្លិចបំផ្លាញ ដោយមហន្តរាយធម្មជាតិនេះ» ហើយលោកស្រី Parawansa បានអះអាងថា ជនស្ម័គ្រចិត្តប្រហែលជា ៣៣,០០០នាក់កំពុងត្រូវបានបញ្ជូនទៅកាន់តំបន់ Pidie Jaya។

កញ្ចប់ជំនួយដំបូងគេ ដែលនឹងទៅដល់តំបន់រងគ្រោះ​រួមមានអាហារហូបចុក, តង់ស្នាក់នៅបណ្តោះអាសន្ន, និងសម្លៀកបំពាក់ហើយទីភ្នាក់ងារទប់ស្កាត់​គ្រោះមហន្តរាយជាតិ ដែលបានរាយការណ៍​ថាមកទល់ពេលនេះ​មនុស្សជិត ១០០នាក់បានស្លាប់ និងរាប់រយនាក់បានទទួលរងរបួសយ៉ាងដំណំ ខណៈជាង១០នាក់ទៀត​នៅជាប់​ក្រោមគំនរអគារដែលបានដួលរលំជាង ៤០ខ្នងនោះ នឹងចូលរួម​សហការជាមួយ​ក្រសួង​សង្គមកិច្ច ក៏ដូចជាអាជ្ញាធរប្រចាំតំបន់ ដើម្បីដឹកនាំប្រតិបត្តិជួយសង្រ្គោះ​ជនរងគ្រោះទាំងអស់ ។

នៅព្រឹកមិញនេះ គ្រោះរញ្ជួយដីកម្រិត៦.៤រ៉ិចទ័រដ៏ខ្លាំងក្លាបានវាយប្រហារតំបន់ Pidie Jaya នៅវេលាម៉ោង៥៖០៣នាទីព្រឹក (ម៉ោងក្នុងរដ្ឋធានីហ្សការតា) ដោយចំនុចរំញ័ររបស់វាត្រូវបានគេកំណត់ថា​ស្ថិតនៅចម្ងាយប្រមាណ ១០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Reuleut ដែលស្ថិតនៅភាគឦសាន​នៃខេត្តអាសេជាមួយនិងជម្រៅ ១៧គីឡូម៉ែត្រ ប៉ុន្តែពុំមានសេចក្តីប្រកាសអាសន្នព្រមានពីរលកយក្ស​ស៊ូណាមិ​ដោយទីភ្នាក់ងារអាកាសធាតុវិទ្យា និងរូបសាស្រ្តផែនដីនៃប្រទេសឥណ្ឌូណេស៊ីនោះឡើយ។

គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌូណេស៊ីតែងតែបានជួបប្រទះការរញ្ជួយដីនិងបន្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារតែទីតាំងភូមិសាស្រ្តរបស់ ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅចំទីតាំងដ៏​គ្រោះថ្នាក់ដែល​​គេហៅថា «The Pacific Ring of Fire» ។ កាលពីឆ្នាំ២០០៤ គ្រោះរញ្ជួយដីកម្រិត ៩.២រ៉ិចទ័រ ដ៏សាហាវមួយបានបង្កជារលកយក្សស៊ូណាមិ​ដែលបានវាយប្រហារទៅលើ​បណ្តាប្រទេស​ដែលស្ថិត​នៅ​ជុំវិញ មហាសមុទ្រឥណ្ឌា ដោយឥណ្ឌូណេស៊ីគឺជាចំនុចដែលបានទទួលរងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ដោយសារតែកាលនោះ នៅក្នុងខេត្ត Aceh តែឯងប៉ុណ្ណោះមាន​ចំនួនអ្នកស្លាប់​មិនតិចជាង ១២០,០០០នាក់ឡើយ៕