(បាងកក)៖ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មនុស្សចំនួន ០៦នាក់ត្រូវបានបាញ់សម្លាប់ដោយ​ពួកសកម្មប្រយុទ្ធនៅក្នុង​ករណីបាញ់ប្រហារ​ជាបន្តបន្ទាប់គ្នា នៅខេត្តភាគខាងត្បូងនៃ​ប្រទេសថៃដែលបាន និងកំពុងគ្របដណ្តប់​ទៅដោយអំពើហិង្សា​ឥតឈប់ឈរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមសេចក្តីថ្លែងការណ៍​របស់ប៉ូលិសថៃ ការបាញ់សម្លាប់ទាំងអស់​ខាងលើ​បានកើតឡើង​​នៅថ្ងៃ​អង្គារ​ម្សិលមិញនេះ ខណៈជនរងគ្រោះទីមួយ​គឺ​ជាមេភូមិម្នាក់ ដែលត្រូវបានគេប្រទះឃើញដេក​ស្លាប់ដោយមាន​គ្រាប់​កាំភ្លើងជាប់នឹងក្បាលក្នុងផ្ទះរបស់លោកនៅស្រុកយ៉ារីង​ នៃខេត្តប៉ាតានីភាគខាងត្បូង​ប្រទេសថៃ។ ក្រោយមកទៀត​ប្តីប្រពន្ធមួយគូ​ដែលម្នាក់ជាមន្រ្តីយោធា ​ត្រូវបានគេបាញ់សម្លាប់​នៅពេលដែលអ្នកទាំង​ពីរ​កំពុងជិះម៉ូតូនៅក្បែរ​ស្រុកណងជីក (Nongchik) ហើយបន្ទាប់មកនាល្ងាចថ្ងៃដដែលប្រធានភូមិម្នាក់​ផ្សេងទៀតព្រមទាំងជនមូស៊្លីមស៊ីវិលម្នាក់ ត្រូវបានបាញ់សម្លាប់​បន្ថែមទៀតនៅ​ខេត្តប៉ាតានីដូចគ្នា ប៉ុន្តែក្នុង​ករណីដាច់ដោយឡែកពីគ្នា ខណៈជនគ្រោះទី០៦ដែលជាជនជាតិមូស្ល៊ីម បានបាត់បង់ជីវិតក្រោមគ្រាប់កាំភ្លើង​នៅក្នុងខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ។  

ជុំវិញហេតុការណ៍នេះមេបញ្ជាការប៉ូលិសខេត្តប៉ាតានី​ លោកឧត្តមសេនីយ៍ទោ ថាណងសាក់ វ៉ាងស៊ូផា (Thanongsak Wangsupa) បានជឿជាក់ថាការវាយប្រហារ​ដែលសម្លាប់មនុស្សអស់ចំនួន ០៦នាក់​ក្នុងពេលតែ​មួយថ្ងៃនេះគឺជាការសងសឹក​ចំពោះ ការចាប់ខ្លួន​ក្រុមសកម្មប្រយុទ្ធជាបន្តបន្ទាប់​នៅប៉ុន្មាន​ថ្ងៃមុននេះ។

គួរបញ្ជាក់ដែរថា​​ការបះបោរនៅភាគខាងត្បូងប្រទេសថៃ​ បានផ្ទុះឡើងកាលពីឆ្នាំ២០០៤ ហើយចាប់តាំង​ពីពេលនោះមក​មនុស្សប្រមាណជា ៦,៧០០នាក់​បានស្លាប់បាត់បង់ជីវិត ដែលភាគច្រើន​គឺជាជន​ស៊ីវិល​ស្លូតត្រង់ស្ថិតនៅក្នុងការប៉ះទង្គិចគ្នារវាង កងកម្លាំងនៃប្រទេសថៃ និងពួកឧទ្ទាម ខណៈការបំផ្ទុះគ្រាប់បែក​ក៏ដូចជាការបាញ់សម្លាប់គ្នា​ស្ទើរតែក្លាយជាទិដ្ឋភាព​ប្រចាំថ្ងៃសម្រាប់ប្រជាជន​ថៃនៅតំបន់​នោះទៅហើយ៕