(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកមានបំណងកប់ចោល​ នូវបាយការណ៍ស្ដីពីការចាយវាយ​ថវិកា​ជាតិដ៏ខ្ជះខ្ជាយសរុបជាង ១២៥ពាន់លានដុល្លារ​ដោយសារខ្លាចរដ្ឋសភាអាមេរិក កាត់បន្ថយកញ្ចប់ថវិកា​សម្រាប់វិស័យយោធា។ នេះបើតាមព័ត៌មានពីកាសែត Washington Post​ ដែលត្រូវបានដកស្រង់​មកចុះផ្សាយបន្ត​ដោយ​ ទីភ្នាក់ងារ​សារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមរបាយការណ៍កម្រាស់ ៧៧ទំព័រ ចេញផ្សាយកាលពីខែមករា ឆ្នាំ២០១៥ និងត្រូវលាសត្រដាង​ដោយកាសែត Washington Post ​ក្រសួងការពារជាតិអាមេរិកបានចាយវាយ​ថវិកាយ៉ាងខ្ជះខ្ជាយ និងមាន​បំណងបិទបាំងរបាយការណ៍​ស៊ើបអង្កេតនេះថែមទៀត។ ដោយឡែកជុំវិញបញ្ហានេះដែរអតីតប្រធានក្រុម​ប្រឹក្សាការពារជាតិ លោក Robert Stein បាននិយាយថា «ពួកគេ (ក្រសួងការពារជាតិ) បានត្អូញត្អែថា​ពួកគេគ្មានថវិការគ្រប់គ្រាន់ (....) ហើយយើងបានស្នើឱ្យមាន​ការសន្សំសន្ចៃក្នុងការចាយវាយខណៈថ្នាក់​ដឹកនាំ​ក្រសួងការពារជាតិ​កំពុងព្រួយបារម្ភខ្លាចក្រែង​របាយការណ៍នេះ អាចនឹងធ្វើប៉ះពាល់ដល់ការអនុម័ត​កញ្ចប់ថវិការជាតិសម្រាប់​វិស័យការពារេជាតិរបស់សភាអាមេរិក»

ទោះជាយ៉ាងនេះក្ដី អនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Robert Work ​បានអះអាងថា របាយការណ៍ខាងលើ​មិនមែនជាការពិតនោះទេ ហើយវាគ្រាន់តែការលើកឡើងពីក្រុមមនុស្ស ដែលមិនយល់ពីដំណើរប្រព្រឹត្តិទៅ​របស់ក្រសួងការពារជាតិអាមេរិកតែប៉ុណ្ណោះ៕ ​