(តេហេរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី បានព្រមាន ក៏ដូចជាអះអាងឡើងវិញថា ទីក្រុងតេហេរ៉ង់ នឹង មិនបណ្ដោយឱ្យប្រធានាធិបតីអាមេរិកកាំងថ្មី លោក ដូណាល់ ត្រាំ បំផ្លាញកិច្ចព្រមព្រៀងនុយក្លេអ៊ែ ជាមួយប្រទេស មហាអំណាច ៥+១ ដោយទទេៗនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

ការលើកឡើងបែបនេះរបស់លោក រ៉ូហានី ធ្វើឡើងនៅបន្ទាប់ពីសភាអាមេរិក ទើបតែបានអនុម័តលើដំណោះស្រាយ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច១០ឆ្នាំបន្ថែមទៀត ប្រឆំាងនឹងអ៊ីរ៉ង់។ ថ្លែងនៅក្នុងសុន្ទរកថាមួយនៅថ្ងៃអង្គារនេះ នៅឯសាកល វិទ្យាល័យតេហេរ៉ង់ លោក ហាសាន់ រ៉ូហានី បានកត់សម្គាល់ដូច្នេះថា «ត្រាំ ចង់ធ្វើរឿងជាច្រើន ក៏ប៉ុន្តែអ្វីដែលគាត់ចង់ ធ្វើ នឹងមិនប៉ះពាល់ដល់យើងនោះទេ។ លោក រ៉ូហានី បន្ថែមថា «តើអ្នកគិតដែរឬទេ ថាសហរដ្ឋអាមេរិកអាចបំផ្លាញកិច្ច ព្រមព្រៀងនុយក្លេអ៊ែ (JCPOA)? ហើយតើអ្នកគិតដែរទេ ថាយើងនឹងបណ្ដោយឱ្យរឿងនេះកើតឡើង»

សូមជំរាបថា កាលពីឆ្នាំ២០១៥ អ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងស្ដីពីកម្មវិធីនុយក្លេអ៊ែ ជាមួយប្រទេសមហាអំណាច ៥+១ រួមមានសហរដ្ឋអាមេរិក បារាំង អង់គ្លេស ចិន រុស្ស៊ី និងអាល្លឺម៉ង់់ ក្នុងគោលបំណងកាត់បន្ថយការចំរាញ់សារធាតុ អ៊ុយរ៉ាញ៉ូម របស់អ៊ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។ ក៏ប៉ុន្តែ ដោយសារតែ សភាអាមេរិក បានអនុម័តលើការដាក់ ទណ្ឌកម្មបន្ថែមប្រឆាំងនឹងអ៊ីរ៉ង់ រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បានព្រមានលុបចោលកិច្ចព្រមព្រៀងនេះ និងបានចាត់ទុក ទង្វើរបស់សភាអាមេរិក គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយអ៊ីរ៉ង់៕