(បាងកក)៖ ព្រះរាជាថ្មីនៃប្រទេសថៃបានតែងតាំងសមាជិកថ្មីចំនួនបីរូប ទៅកាន់ក្រុមប្រឹក្សាជំនិតនៃ​ព្រះមហាក្សត្រ​នៅថ្ងៃអង្គារនេះ និងបានដកសមាជិកជើងចាស់មូយចំនួនចេញវិញ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ព្រះរាជវាំងថៃ មន្រ្តីទាំងបីរូបដែលព្រះបាទ មហា វិច្ឆិរាឡុងកន បានសម្រេចតែងតាំងទៅកាន់ក្រុមប្រឹក្សាជំនិត នៃព្រះមហាក្សត្រដែលមានសមាជិកសរុប ១១នាក់​នោះរួមមានលោក Paiboon Koomchaya រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, លោក Dapong Ratanasuwan រដ្ឋមន្រ្តីក្រសួងអប់រំ, និងលោក Teerachai Nakwanich អតីតមេបញ្ជាការកងទ័ព​ជើងគោករីឯអ្នក​ដែល​ត្រូវបានដកចេញពីក្រុមប្រឹក្សាកំពូលនេះវិញ រួមមានប្រធានការិយាល័យទ្រព្យសម្បត្តិរាជវាំងដែលមាន​នាទីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ព្រះរាជាមានតម្លៃដល់ រាប់សិបពាន់លានដុល្លារអាមេរិក និងពីររូបផ្សេងទៀតជាអតីតមេបញ្ជាការយោធា។

«នេះគឺជាវិធានការណ៍​ដែលកើតចេញពីគិតគូយ៉ាងហ្មត់ចត់​របស់ស្តេចរាមាទី១០ ដែលបង្ហាញសញ្ញានៃ​ការដោះស្រាយបញ្ហាដោយសម្របសម្រួល ខណៈពេលជាមួយគ្នាក៏​បានបង្ហាញពី​កិត្យានុភាព​នៃការបង្គាប់​បញ្ជាដោយផ្ទាល់ក្រោមការរជ្ជកាលគ្រប់គ្រងរបស់ព្រះអង្គផងដែរ»។ នេះជាការលើកឡើងរបស់​អ្នកវិភាគ​ម្នាក់នៅទីក្រុងបាងកក ដែលបានសុំបដិសេធ​មិនបញ្ចេញ​អត្តសញ្ញាណពាក់ព័ន្ធនឹងបញ្ហាដ៏រសើបនេះ ព្រោះថាការបញ្ចេញមតិយោបល់ ឬក៏ពិភាក្សាមិនថាអំពីព្រះរាជាផ្ទាល់, ស្តេចរាជានុសិទ្ធិ, ឬក៏ព្រះរាជទាយាទ​ឡើយ គឺជាបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរ​មួយដែលអាច​ឲ្យអ្នកប្រព្រឹត្តជាប់ពន្ធនាគារដល់ទៅ ១៥ឆ្នាំបាន ដោយយោងតាមច្បាប់ការពារស្ថាប័នព្រះមហាក្សត្រនៅក្នុងប្រទេសថៃ។

គួរបញ្ជាក់ថាព្រះបាទ មហា វិច្ឆិរាឡុងកន ព្រះជន្ម៦៤ព្រះវស្សា បានក្លាយជាព្រះមហាក្សត្រថ្មីនៃ​ព្រះរាជាណាចក្រ​ថៃកាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ សប្តាហ៍មុននេះ ហើយព្រះអង្គក៏ត្រូវបាន​ប្រជាជន​ថៃ​​ទូទៅស្គាល់ថាជាស្តេចរាមាទី ១០នៃសម័យចក្រី ដែលមានចំណាស់ ២៣៤ឆ្នាំនៅក្រោយពេលដែល​ព្រះបិតាទ្រង់ គឺព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយទិវង្គតកាលពីថ្ងៃទី១៣
ខែតុលា នៅក្នុងព្រះជន្ម ៨៨ព្រះវស្សា៕