(​ប៉ារីស)៖ ប្រធានាធិបតីបារំាង លោក ហ្រ្វង់ស័រ ហូឡង់ បានសម្រេចតែងតាំងរដ្ឋមន្ត្រីមហាផ្ទៃ លោក ប៊ែគណាដ កាហ្សឺណាវ (Bernard Cazeneuve) ជានាយករដ្ឋមន្ត្រីបារំាងថ្មីជំនួសលោក ម៉ានូអ៊ែល វ៉ាល់ (Manuel Valls)​ ដែលបានលាលែងពីតំណែងដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីបារំាង ខាងគណបក្សសង្គមនិយមនៅឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មាន Reuters​​​ នារសៀលថ្ងៃអង្គារ ទី០៦​ ខែធ្នូ ឆ្នាំ២០១៦។

យោងតាម​វិមាន Elysée ប្រធានាធិបតីបារាំង លោក ហ្រ្វង់​ស័រ ហូឡង់ បានយល់ព្រមទទួលយកការ​សុំលាលែងពីមុខតំណែងជានាយករដ្ឋមន្ត្រី របស់លោក ម៉ានូអ៊ែល វ៉ាល់ ដើម្បីបើកផ្លូវឱ្យលោកប្រកាសជា​ផ្លូវការការឈរឈ្មោះជាបេក្ខភាព​ប្រធានាធិបតី តំណាងឱ្យគណបក្សសង្គមនិយម​ស្របពេលលោក ហូឡង់ ផ្ទាល់បានប្រកាសដកខ្លួនជា​បេក្ខភាពប្រធានាធិបតី​នៅអាណត្តិក្រោយ ហើយដែលការដកខ្លួននេះ​ទៀត​សោតត្រូវបានគេមើលឃើញថា​ ធ្វើឡើងក្នុងគោលដៅកុំឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពគណបក្សរបស់​លោក ខណៈលោក ហូឡង់ កំពុងបាត់បង់​ប្រជាប្រិយភាពនៅ​​ក្នុងចំណោមប្រជាជន​បារំាងភាគច្រើន។

គួរបញ្ជាក់ថាលោក ប៊ែគណាដ កាហ្សឺណាវ មានអាយុ ៥៣ឆ្នាំ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីមហាផ្ទៃ​កាលពីឆ្នាំ២០១៤ ហើយលោកនឹងត្រូវទទួលបន្ទុកបង្កើត និងដឹកនាំរដ្ឋាភិបាលថ្មីមួយជំនួស លោក ម៉ានូអ៊ែល វ៉ាល់៕