(តូក្យូ)៖ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននៅថ្ងៃអង្គារនេះបានអះអាងថា ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់​នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ទៅកាន់មូលដ្ឋានទ័ពអាមេរិក Pearl Harbor នៅកោះហាវ៉ៃ ក្នុងខែធ្នូនេះ មិនមែនមានន័យថា​រដ្ឋាភិបាលទីក្រុងតូក្យូ យល់ព្រមសូមទោស​សហរដ្ឋអាមេរិកនោះទេ។ នេះបើតាមដែលចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។​

លោក ស៊ីនហ្សូ អាបេ ត្រូវបានគេរំពឹងថានឹងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់កោះហាវ៉ៃ នៅថ្ងៃទី២៦ ខែធ្នូ ខាងមុខនេះហើយលោកនឹងត្រូវជួបពិភាក្សាជាមួយ លោក បារ៉ាក់ អូបាម៉ា ក៏ដូចជាធ្វើ​ដំណើរកម្សាន្តរួមគ្នានៅឯ​មូលដ្ឋានទ័ពអាមេរិក Pearl Harbor ដែលធ្លាប់រងការវាយប្រហារពីសំណាក់​កងទ័ពជប៉ុន​នៅអំឡុងសង្រ្គាមលោក​លើកទី២ ក្នុងឆ្នាំ១៩៤១។

ទោះជាយ៉ាងនេះក្ដីថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Kyodo អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានគូសបញ្ជាក់​ថា «ដំណើរទស្សនកិច្ចរបស់លោក អាបេ គឺជាឱកាសមួយ​ដើម្បីរំលឹកដល់អ្នកដែលស្លាប់នៅក្នុងសង្រ្គាម (....) ហើយវាក៏ជាសារមួយផងដែរស្ដីពីការផ្សះផ្សាគ្នារវាងសហរដ្ឋអាមេរិក និងជប៉ុនប៉ុន្តែនេះមិនមែនមាន​ន័យវាគឺជាការសូមទោសនោះទេ»។

គួរបញ្ជាក់ថាលោក ស៊ីនហ្សូ អាបេ នឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនដំបូងគេបំផុតកំពុងកាន់តំណែង ដែលបំពេញទស្សនកិច្ចទៅកាន់​មូលដ្ឋានទ័ពអាមេរិក Pearl Harbor ក្នុងរយៈពេល ៧៥ឆ្នាំមកនេះ ខណៈ លោក បារ៉ាក់ អូបាម៉ា ក៏បានក្លាយជាប្រធានាធិបតីអាមេរិកទីមួយ ផងដែរកាលពីខែឧសភាកន្លងទៅ ក្នុងការបំពេញ​ដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដែលធ្លាប់រងគ្រោះដោយសារការទម្លាក់​គ្រាប់បែកបរមាណូដោយកងទ័ពអាមេរិក កាលពីឆ្នាំ១៩៤៥៕