(បាងកក)៖ អាជ្ញាធរថៃបានរាយការណ៍នៅថ្ងៃអង្គារនេះថា មនុស្សចំនួនអ្នកស្លាប់ដោយសារគ្រោះទឹក​ជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងជោគជាំ នៅភាគខាងត្បូងប្រទេសថៃ បានកើនដល់​១៤នាក់ ហើយនៅមុនពេលរដូវកាល​ដើរកម្សាន្ត​របស់ភ្ញៀវទេសចរណ៍ពីខែធ្នូ ឆ្នាំ២០១៦ ដល់ខែមករា ឆ្នាំ២០១៧។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃ​អង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមប្រភពពីនាយកដ្ឋានបង្ការគ្រោះមហន្តរាយថៃ គ្រោះទឹកជំនន់ខាងលើបានចាប់ផ្តើមកាលពី​ថ្ងៃព្រហស្បតិ៍ សប្តាហ៍មុននៅតាមបណ្តាខេត្តចំនួន ២០ ភាគខាងត្បូងប្រទេសក្នុង​នោះរួមមាន​ទាំង​កោះ Samui និងកោះ Pha Ngan នៃឈូងសមុទ្រថៃដោយបង្កផលប៉ះពាល់ដល់ប្រជាជនប្រមាណជា ១៥៧,៥៨០គ្រួសារក្នុងស្រុកចំនួន ៦៨ រីឯផ្លូវរថភ្លើង​ចំនួនបួនខ្សែបាននិង​កំពុងជាប់គាំង​មិន​អាច​ដំណើរការបាន ខណៈស្រែចំការទំហំ ២,៤០០ហិកតា​បានទទួលរងការបំផ្លិចបំផ្លាញ។

គួរបញ្ជាក់ដែរថារដ្ឋាភិបាលថៃបានចេញសេចក្តីណែនាំ​ឲ្យ មជ្ឈមណ្ឌលការពារគ្រោះមហន្តរាយទាំងឡាយ​ធ្វើការឃ្លាំមើល និងប្រុងប្រយ័ត្នខ្ពស់​ចំពោះគ្រោះរអិលបាក់ដី​​ក៏ដូចជាគ្រោះទឹកជំនន់​ដែលកើត​មានឡើង​នៅក្នុងតំបន់រងគ្រោះ​ហើយត្រូវត្រៀមលក្ខណៈជានិច្ច ដើម្បីចាត់ចែងក្រុមប្រតិបត្តិការសង្រ្គោះផ្តល់ជំនួយ ជាសម្ភារៈផ្សេងៗ​នៅតាមទីតាំងណា​ដែលត្រូវការជាចាំបាច់។ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ក៏បានបញ្ជាឲ្យទីភ្នាក់ងាររបស់រដ្ឋាភិបាល ប្រចាំតំបន់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព​ដើម្បីជួយជនរងគ្រោះដោយសារ​ទឹកជំនន់ផងដែរ៕