(ហាណូយ)៖ ប្រធានាធិបតីអាមេរិកមិនថាជាអ្នកណា ឬមកពីណានោះទេរួមទាំង លោក ដូណាល់ ត្រាំ នឹងនៅតែប្រកាន់ជំហរបន្តគោលនយោបាយ លោក បារ៉ាក់ អូបាម៉ា ក្នុងការប្រឆាំងនឹងសកម្មភាពរបស់​ចិននៅតំបន់សមុទ្រចិនខាងត្បូង​ តាមរយៈការផ្ដល់ជំនួយគាំទ្រដល់ភាគីជម្លោះជាមួយ​ទីក្រុងប៉េកាំង។ នេះបើតាមសម្តីអ្នកជំនាញយោធាវៀតណាម លោក Le​ Van Cuong ដែលចុះផ្សាយដោយសារព័ត៌មាន​រុស្ស៊ី Sputnik ​នៅរសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

លោក Le Van Cuong នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik​ បានគូសបញ្ជាក់ថា «នារយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះចិនបានសាងសង់ព្រលានយន្ដហោះ និងហេដ្ឋារចនាសម្ព័ន្ធយោធា​ជាច្រើននៅលើប្រជុំ​កោះ Spratley​ (....) រីឯសហរដ្ឋអាមេរិកបានជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពនេះ ហើយនយោបាយបែបនេះ នឹងត្រូវបន្តមិនថានៅក្រោមរបបដឹកនាំ​របស់ប្រធា​នា​ធិបតីអាមេរិកម្នាក់​ណានោះទេ រួមទាំងលោក ដូណាល់ ត្រាំ ផងដែរដែលធ្លាប់រិះគន់ដល់​ការសាងសង់កោះសប្បនិម្មិត​របស់ចិននៅតំបន់សមុទ្រ​ចិនខាងត្បូង»

គួរបញ្ជាក់ថាជម្លោះដែនដីនៅសមុទ្រចិនខាងត្បូងរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ បានធ្វើឱ្យទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន ប្រែជាស្មុគស្មាញ ត្បិតទីក្រុងវ៉ាស៊ីនតោន តែងតែរិះគន់ទីក្រុងប៉េកាំង សម្រាប់ការប្រើឥទ្ធិពលក្នុងនាមជាមហាអំណាច ដាក់សម្ពាធលើប្រទេសតូចតាចដែលជាភាគីជម្លោះ ខណៈចិនក៏បានព្រមាន​សហរដ្ឋអាមេរិកដែរ កុំឱ្យលូកដៃចូលក្នុងជម្លោះមួយនេះដោយទុកឱ្យភាគី ជម្លោះទំាងអស់ជាអ្នកដោះស្រាយបញ្ហា៕ ​