(​កាលីហ្វរញ៉ា)៖ សមាជិកសភានៅក្នុងរដ្ឋកាលីហ្វរញ៉ាដែលជាតំបន់អ្នកប្រជាធិបតេយ្យ កំពុងរៀបចំខ្លួន​ប្រយុទ្ធ​​តតាំងជាមួយនឹងអនាគតប្រធានាធិបតីអាមេរិកថ្មីគឺលោក ដូណាល់ ត្រាំ ដែលមកពីគណបក្ស​សាធារណរដ្ឋពាក់ព័ន្ធនឹងបញ្ហាជនអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel NEws Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

សមាជិកសភាគណបក្សប្រជាធិបតេយ្យបានដាក់ចេញនូវសេចក្តីព្រាងច្បាប់ ដើម្បីការពារជនអន្តោប្រវេសន៍​ដែលគ្មានឯកសារត្រឹមត្រូវនៅក្នុងរដ្ឋកាលីហ្វរញ៉ា ពីសំណាក់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ដែលនឹង​ព្យាយាមបណ្តេញពួកគេចេញពីសហរដ្ឋអាមេរិក​នៅពេលដែលមហាសេដ្ឋីចលនទ្រព្យ​រូបនេះឡើងកាន់​អំណាចនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ លោក Anthony Rendon បាននិយាយថា «ជនអន្តោប្រវេសន៍​គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់រដ្ឋកាលីហ្វរញ៉ា ក៏ដូចជាវប្បធម៌ និងសង្គមរបស់សហរដ្ឋអាមេរិក ហើយពួកយើងសូមប្រាប់ទៅកាន់អនាគតរដ្ឋាបាល និងសភាជាតិថ្មីថា ប្រសិនបើចង់ប៉ះពាល់ក្រុមជន​អន្តោប្រវេសន៍ទាំងនោះ ចាំបាច់ត្រូវតែឆ្លងកាត់ពួកយើងសិន»

គួរបញ្ជាក់ថានៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលទីថ្ងៃ០៨ ខែវិច្ឆិកា ពលរដ្ឋអាមេរិកភាគ​ច្រើន​នៅរដ្ឋកាលីហ្វរញ៉ា បានបោះឆ្នោតដោយដាច់ខាត ទៅឲ្យអតីតស្រី្តទីមួយរបស់សហរដ្ឋអាមេរិកគឺលោកស្រី ហ៊ីឡារី គ្លីនតុន ដែលមកពីគណបក្សប្រជាធិបតេយ្យ ហើយរដ្ឋដែលមានមនុស្សរស់នៅច្រើនជាងគេ​បង្អស់នេះមានជនអន្តោប្រវេសន៍គ្មានឯកសារច្បាស់លាស់ ចំនួនមិនក្រោម ២.៧លាននាក់នោះឡើយ ដែលវាស្មើនឹង ០៧ភាគរយនៃចំនួនប្រជាជនសុរបនៅក្នុងរដ្ឋគឺ ៣៩លាននាក់៕