(តូក្យូ)៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រដ្ឋហាវ៉ៃនៅចុងខែធ្នូនេះ ដើម្បីសម្តែងការគោរពចំពោះបណ្តាជនរងគ្រោះ ដោយសារការវាយប្រហាររបស់ប្រទេសជប៉ុ​នកាលពី​ឆ្នាំ១៩៤១ មកលើមូលដ្ឋានកងទ័ពជើងទឹកសហរដ្ឋអាមេរិកដែលស្ថិតនៅកំពង់ផែ «Pearl Habor»។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច​នាល្ងាចថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យនាយករដ្ឋមន្រ្តី លោក ស៊ីនហ្សូ អាបេ បានឲ្យដឹងថា​ដំណើរទស្សនកិច្ចដែលនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ គឺក្នុងគោលបំណងសម្តែង​ការគោរព​ចំពោះពលរដ្ឋអាមេរិកទាំងឡាយ ដែលជាជនរងគ្រោះដោយសារការលួចវាយប្រហារដោយភ្ញាក់ផ្អើលមួយ​ពីសំណាក់កងទ័ពជើងអាកាសជប៉ុនកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ ហើយក៏នឹង​ទទួលបានការចូលរួម​របស់ប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ថែមទៀតផង។

គួរបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ កងទ័ពជើងទឹករបស់អធិរាជជប៉ុនបានលួចបើក​ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតទៅលើកងនាវាជើងទឹកអាមេរិក ដែលមានមូលដ្ឋាន​នៅកំពង់ផែ Pearl Harbor នៃរដ្ឋហាវ៉ៃ ដោយភាគីអាមេរិកពុំបានដឹងខ្លួនមុននោះឡើយ ដែលហេតុនេះហើយទើបធ្វើ​ឲ្យកងទ័ពក៏ដូចជាប្រជាជនស៊ីវិលអាមេរិករាប់ពាន់នាក់ បានស្លាប់បាត់បង់ជីវិត​នៅហេតុការណ៍​នោះហើយវា​ក៏ជាកត្តាដែលបង្ខំឲ្យអាមេរិកលូកដៃចូលក្នុងសង្រ្គាមលោកលើកទីពីរផងដែរ។

នៅក្នុងការវាយប្រហារ​កាលនោះជប៉ុនបានបញ្ជូនយន្តហោះចំនួនជិត ៤០០គ្រឿងទៅកាន់មូលដ្ឋាន​យោធាជើងទឹកអាមេរិកដោយសុវត្ថិភាព និងបានធ្វើការវាយលុកយ៉ាងចាស់ដៃ ដល់ថ្នាក់អាមេរិក​ស្ទើរតែគ្មាន​ឱកាសតបតនោះឡើយ៕