(វ៉ាស៊ីនតោន)៖ បើទោះជាប្រតិបត្តិការយោធាវាយយកទីក្រុង ម៉ូស៊ូល ពីពួក ISIS មានការលំបាកក៏ដោយ ក៏ទីក្រុងមួយនេះ អាចនឹងត្រូវវាយយកមកវិញនៅមុនពេលការ​ចូលស្បថកាន់​តំណែង​ជាប្រធានាធិបតី​អាមេរិកជាផ្លូវការ​របស់ លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។ នេះបើតាមរដ្ឋមន្ត្រី​ការពារជាតិអាមេរិក លោក អាស្តុន ខាធើ ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។​

ឆ្លើយតបទៅនឹងសំណួរអ្នក​សារព័ត៌មានដែលសួរថា តើកងទ័ពអ៊ីរ៉ាក់​អាចវាយយកទីក្រុង ម៉ូស៊ូល ឱ្យបាន​មុនថ្ងៃលោក ត្រាំ ឡើងជាប្រធានាធិបតីដែរឬទេ? លោក អាស្តុន ខាធើ បានឆ្លើយថា «វាអាច​ទៅរួច! ក៏ប៉ុន្តែខ្ញុំសូម​និយាយឡើងវិញថា វាគឺជាការប្រយុទ្ធ​មួយដ៏លំបាក»។ គិតចាប់តំាងពីផ្ដើម​ប្រតិបត្តិការយោធា នៅថ្ងៃទី១៧ ខែតុលា ជាមួយការគាំទ្រពីសំណាក់ក្រុមចំរុះអន្តរជាតិ ដឹកនាំដោយ​ទីក្រុងវ៉ាស៊ីនតោន កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ កងកម្លំាងឃើត និងកងជីវពលស៊ីអ៊ីតជិត ១០០,០០០នាក់បានវាយរុលទៅមុខ​លឿនជាងការរំពឹងទុកព្រមទាំងបាន​ដណ្ដើមយកសង្កាត់ជាច្រើននៃទីក្រុង ម៉ូស៊ូល។

ទោះបីយ៉ាងណាក៏ដោយរហូត​មកទល់ពេលនេះក្រុម ISIS នៅតែគ្រប់គ្រងទីក្រុងមួយនេះ ៣/៤ នៅឡើយ។ គួរបញ្ជាក់ថាគិតចាប់តាំងពីខែវិច្ឆិកា មកកងទ័ពអ៊ីរ៉ាក់ប្រមាណជា ២,០០០នាក់​បានពលីជីវិត​​នៅក្នុងសង្រ្គាម ប្រយុទ្ធប្រឆាំងនឹងក្រុម ISIS​​ នៅទូទាំងប្រទេសជាពិសេសគឺនៅទីក្រុង ម៉ូស៊ូល តែម្ដង៕