(បេ្រស៊ីល)៖ អ្នកនៅរស់រានមានជីវិតម្នាក់ ក្នុងចំណោមមនុស្ស ៦នាក់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះ​ដឹក​ក្រុមកីឡាករក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense បានឱ្យដឹងថា គ្មានឈុតឆាកគួរឱ្យរន្ធត់ណាមួយបាន​កើតឡើងនោះទេនៅមុនពេលយន្ដហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍ La Mia airlines បានជួប​ឧប្បទ្ទវហេតុដែលបណ្ដាល​​ឱ្យមនុស្ស ៧១នាក់បាត់បង់ជីវិតវ​កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងបទសម្ភាសន៍​ជាមួយស្ថានីយ៍ទូរទស្សន៍ Brazil's Globo TV បុគ្គលិកបម្រើការងារលើ​យន្ដហោះ​នៃក្រុមហ៊ុនបូឡាវី La Mia airlines នាង Erwin Tumiri បានលើកឡើងដូច្នេះថា៖ «ពួកគេ (ពីឡុត) បានប្រាប់ពួកយើងថា យន្ដហោះនឹងចុះចតជាធម្មតា [....]​ នៅពេលនោះដែរ​អ្នករាល់គ្នាបានត្រឡប់ទៅអង្គុយ​លើកៅអីរៀងៗខ្លួន ខណៈអំពូលភ្លើងលើយន្ដហោះ​បានដាច់ហើយយន្ដហោះក៏ចាប់ផ្ដើមអង្រួន។ ខ្ញុំគិតថា​វាគ្រាន់តែជារំញ័រធម្មតា​នៅពេលយន្ដហោះត្រៀមចុះចត ក៏ប៉ុន្តែវាមិនមែនដូច្នោះទេ។ ខ្ញុំបានលឺសំឡេង vroom! vroom! ហើយខ្ញុំមិនអាចចងចំាបាន អ្វីដែលកើតឡើងនៅពេលបន្ទាប់នោះទេ»។

គួររំលឹកថាកាលថ្ងៃចន្ទ សប្ដាហ៍មុន​យន្ដហោះនៃក្រុមហ៊ុន​អាកាសចរណ៍ La Mia airlines ដឹកកីឡាករ​ក្លឹបបាល់ ទាត់ Chapecoense បានធ្លាក់នៅឯប្រទេសកូឡុំប៊ី ដោយបានផ្ដាច់អាយុជីវិតមនុស្ស ៧១នាក់ និង ៦នាក់ផ្សេង ទៀត នៅរាស់មានជីវិត ក្នុងចំណោមអ្នកជិះសរុប ៧៧នាក់។ ចំណែកឯមូលហេតុនៃ​គ្រោះថ្នាក់ ត្រូវបានគេរាយ ការណ៍ជាបឋមថា បណ្ដាលមកពីយន្ដហោះ «អស់សាំង» ខណៈរដ្ឋាភិបាល​បូឡាវី​បានសម្រេចចិត្តព្យួរអាជ្ញាប័ណ្ឌហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ La Mia airlines៕