(ឡុងដ៏)៖ អ្នកវិទ្យាសាស្ត្រ និងរូបសាស្ត្រអង់គ្លេសដ៏ល្បីល្បាញ លោក Stephen Hawking បានព្រមានថា ពិភពលោកកំពុង​ស្ថិតនៅមាត់ជ្រោះមរណៈ ត្បិតលទ្ធផលបោះឆ្នោត​នៅសហរដ្ឋអាមេរិក និងការសម្រេចចិត្ត​ដើរចេញពីសហភាពអឺរ៉ុប​ពីសំណាក់ប្រទេសអង់គ្លេស​បានកើតឡើងនៅក្នុងបរិបទ ដែលមនុស្សជាតិ កំពុងស្ថិតនៅពេលវេលាដ៏គ្រោះថ្នាក់​លើសពេលណាៗទំាងអស់។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។​

យោងតាមលោក Stephen Hawking ការផ្លាស់ប្ដូរនយោបាយ​ទូទៅនៅលើពិភពលោក​បានបង្ហាញថា ភាគច្រើននៃមនុស្សជាតិ​ហាក់ដូចជាត្រូវបាន​បោះបង់ចោលទាំងស្រុង ដោយមេដឹកនំារបស់ពួកគេ រីឯពួកគេ ក៏លែងមានជំនឿចិត្តលើមេដឹកនាំ​របស់ខ្លួនផងដែរ។​ «យើងកំពុងរស់នៅក្នុងពេលវេលា​ដ៏គ្រោះថ្នាក់បំផុត​នៃប្រវត្តិសាស្ត្រ​មនុស្សជាតិ ស្របពេលមេដឹកនាំជាច្រើន​បានបំភ្លេច​ពាក្យសន្យា ឬសម្ដីដែលខ្លួនធ្លាប់បាន​និយាយហើយចាប់ពី​ពេលនេះតទៅ ស្ថានភាពបែបនេះអាចនឹងកើតឡើងគ្រប់ពេលវេលា។​ ដូច្នេះដើម្បី​ដោះស្រាយបញ្ហាយើងត្រូវការ​ពិភពលោករួបរួមគ្នាដ៏ខ្លាំងមួយ»។ នេះគឺជាសម្ដីរបស់លោក Stephen Hawking ។

គួរបញ្ជាក់ថានេះមិនមែនជាលើកទីមួយនោះទេ​ដែលលោក Stephen Hawking បានព្រមានថាពិភពលោក​នឹងត្រូវបំផ្លាញ។ លោកផ្ទាល់ក៏ធ្លាប់​បានអះអាងដែរថា មនុស្សជាតិសល់ពេល​តែ ១,០០០ឆ្នាំប៉ុណ្ណោះ​ដើម្បីរស់នៅលើភពផែនដី​ ដែលនឹងអាចត្រូវបានបំផ្លាញ​ដោយស្នាដៃមនុស្ស និងគ្រោះមហន្តរាយធម្មជាតិ។ បន្ថែមពីលើនេះ​អ្នកវិទ្យាសាស្ត្រអង់គ្លេស​រូបនេះ ថែមទំាងជំរុញឱ្យមនុស្សងាកមកចាប់អារម្មណ៍លើ​វិទ្យាសាស្ត្រទីអវកាសដើម្បី​ស្វែងរកភពថ្មីមួយទៀតជំនួសផែនដី៕