(អាមេរិក)៖ នាពេលថ្មីៗនេះក្រុមហ៊ុនអាមេរិកមានឈ្មោះថា «Virgin Galactic» ដែលមានគោលដៅចម្បង​ក្នុងការនាំយកភ្ញៀវទេសចរទៅកាន់លំហអាកាស​ក្នុងរយៈកម្ពស់ ១០០គីឡូម៉ែត្រ​ពីផ្ទៃផែន​ដីនោះ បានធ្វើការហោះហើរសាកល្បងនូវយានអវកាសថ្មីរបស់ខ្លួន ដោយជោគជ័យជាលើកដំបូង​បន្ទាប់ជួបការ​បរាជ័យកាលពីពីរឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិច​នាព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

យានអវកាស SpaceShipTwo ឬ VSS Unity កាលពីចុងសប្តាហ៍មុនបានហោះសាកល្បងជាមួយនិង​យន្តហោះសណ្តោងចំនួនពីរគ្រឿងគឺ WhteKnightTwo VMS Eve ដោយចាកចេញ​ពីមជ្ឈមណ្ឌល Mojave Air and Space Port ក្នុងរដ្ឋកាលីហ្វរញ៉ា និងបានផ្តាច់ចេញពីយន្តហោះសណ្តោង​របស់ខ្លួន ហើយធ្វើការហោះសំកាំងដើម្បីត្រឡប់មកចុះចត នៅក្នុងផ្លូវហោះ​ហើរវិញបានដោយជោគជ័យ ដែលប្រការនេះ​នឹងក្លាយមូលដ្ឋានគ្រឹះនៃការហោះ​ហើរ​សាកល្បងជាច្រើន​ថែមទៀត​នាពេល​អនាគត នៅមុនពេលដែល​យានអវកាស VSS Unity អាចប្រើប្រាស់​ម៉ាស៊ីនដ៏ទំនើបដែល​បំពាក់​​ជាប់នឹងខ្លួនផ្ទាល់​​ដើម្បីទៅកាន់ទីអវកាសបាន ដោយក្រុមហ៊ុនបានបញ្ជាក់ថា នឹងមិនធ្វើចេញប្រតិបត្តិការ​ទេសចរណ៍​ទៅកាន់លំហអាកាសនោះឡើយ រហូតទាល់តែ​អាចធានាសុវត្ថិភាពបានមួយរយភាគរយ។

គួររំលឹកដែរថា កាលពីខែតុលាឆ្នាំ២០១៤ យានអវកាសដំបូងបំផុតរបស់ក្រុមហ៊ុន Virgin Galactic ឈ្មោះ «VSS Enterprise» បានធ្លាក់ឆេះដោយសារ​តែកំហុសបច្ចេកទេស​ដែលបង្កឡើង​ដោយអ្នកបើកបរផ្ទាល់ និងបានសម្លាប់ជីវិតអវកាសយានិកម្នាក់ ខណៈម្នាក់ទៀតបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។

ចំណែកឯយានអវកាសថ្មី VSS Unity ត្រូវបានរចនាឡើងដើម្បីផ្ទុកអាកាសយានិកចំនួនពីរនាក់ និងភ្ញៀវទេសចរដល់ទៅ ០៦នាក់ ហើយមានអាចនាំយកពួក​គេ​ធ្វើដំណើរមិនទៅ​ដល់គន្លងផែនដីតែម្តង​នោះឡើយ ប៉ុន្តែអាចនឹងអនុញ្ញាត​ឲ្យពួកគេទស្សនាភពផែនដី ពីលំហអាកាសនិងស្ថិតនៅក្នុងសភាព​គ្មានទម្ងន់​បានប៉ុន្មាននាទីផងដែរ ហើយឈ្មោះ VSS Unity នេះត្រូវផ្តល់ដោយអ្នកវិសាស្រ្តជនជាតិ​អង់គ្លេសដ៏ល្បីល្បាញ​បំផុត​នោះគឺលោក Stephen Hawking ដែលបាននិយាយថាលោកចង់សាកល្បង​ធ្វើ​ដំណើរនៅក្នុងយានអវកាសមួយនេះ នៅពេលណាដែលវានឹងធ្វើប្រតិបត្តិការជាផ្លូវការ ហើយតម្លៃសំបុត្រក្នុងម្នាក់វិញគឺ ២៥០,០០០ដុល្លារអាមេរិក៕