(ហ្សាការតា)៖ គ្រោះមហន្តរាយរញ្ជួយដីដ៏ខ្លាំងក្លាមួយដែលមានកម្រិត ៦.៤រ៉ិចទ័របានវាយប្រហារខេត្ត East Nusa Tenggara នៃភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីនៅព្រឹកថ្ងៃចន្ទនេះ ប៉ុន្តែសំណាងល្អពុំបាន​បង្កជារលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០១៦។

បើយោងតាមទីភ្នាក់ងារឧតុនិយម និងរូបសាស្ត្រនៃផែនដីឥណ្ឌូណេស៊ី គ្រោះរញ្ជួយដីខាងលើបានកើតឡើង​នៅម៉ោង ០៨៖១៣នាទីព្រឹក (ម៉ោងនៅក្នុងរដ្ឋធានីហ្សាការតា) នៅចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ​ភាគឦសាននៃខេត្ត Flores Timur និងមានជម្រៅដល់ទៅ ៥២៥គីឡូម៉ែត្រនៅក្រោមបាតសមុទ្រ។
ទោះជាបែបនេះក្តី​ទីភ្នាក់ងារដដែលមិនបានចេញសេចក្តីព្រមាន អំពីរលកយក្សស៊ូណាមិ​ដែលបង្កឡើង​ដោយគ្រោះរញ្ជួយដីមួយនេះឡើយ ហើយមកទល់ពេលនេះ​ក៏ពុំមានសេចក្តីរាយការណ៍ណាមួយ​ដែលការញ័ររញ្ជួយបានជះឥទ្ធិពល​ទៅដល់តំបន់ដទៃៗទៀតនោះដែរ។

គួរបញ្ជាក់ដែរថាឥណ្ឌូណេស៊ីគឺជាប្រទេសមួយ​ដែលងាយនឹងទទួលរង​នូវការវាយប្រហារ​សារគ្រោះមហន្តរាយ​រញ្ជួយដីជាទីបំផុត ព្រោះថាទីតាំងភូមិសាស្រ្ត​របស់ប្រទេសប្រជុំកោះមួយនេះ ស្ថិតនៅចំតំបន់ដែលគេហៅថា «The Pacific Ring of Fire»៕