(ប្រេស៊ីល)៖ ក្រុមគ្រួសារជនរងគ្រោះនិងពលដ្ឋប្រេស៊ីលនៅក្នុងក្រុង Chapeco ទាំងមូលបានរៀបចំ​ខ្លួនទាំង​អារម្មណ៍ក្តុកក្តួលជាទីបំផុត ដើម្បីរង់ចាំទទួលយកសាកសពកីឡាករក្លឹបបាល់ទាត់ Chapecoense ដែលជាអកុសលក្រៃលែង​ បានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ​នៅក្នុងប្រទេសកូឡុំប៊ី ដែលបានសម្លាប់ជីវិត​មនុស្សចំនួន ៧១នាក់ ហើយបានធ្វើក្រុមបាត់ទាត់មួយនេះបាត់បង់កីឡាករទាំងស្រុង។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងក្រុង Chapeco ដែលជាទឹកដីផ្ទាល់របស់ក្លឹបបាល់ទាត់ខាងលើ ដែលបានជួបគ្រោះថ្នាក់នោះ កំពុងរៀបចំពិធីនៅក្នុងពហុកីឡាដ្ឋានរបស់ក្រុម Chapecoense ដើម្បីទទួលសាកសពរបស់កីឡាករ ​ក៏ដូចជាក្រុមការងាររួម​ និងអ្នកការសែតរបស់ក្លឹប ដែលពិធីនេះនឹងមានការចូលរួមពីសំណាក់ក្រុមគ្រួសារ​ជនរងគ្រោះទាំងអស់ និងអ្នកគាំទ្ររបស់ក្លឹបប្រហែលជា ១២០,០០០នាក់ ស្មើនឹងចំនួនប្រជាជនពាក់​កណ្តាល ដែលរស់នៅក្នុងទីក្រុង Chapeco ហើយប្រធាន FIFA លោក Gianni Infantino ក៏បានអញ្ជើញទៅចូលរួមផងដែរ។

អ្នកគាំទ្រវ័យ ២៥ឆ្នាំម្នាក់របស់ក្លឹប Chapecoense បាននិយាយតែរំជួលចិត្តថា «ពួកយើងនៅតែ​រង់ចាំ​វីរៈបុរស​របស់ពួកយើង ធ្វើដំណើរយកពានរង្វាន់ត្រឡប់មកវិញ, យើងនៅតែមិនជឿសោះឡើយថា​ មានរឿងដ៏អាក្រក់នេះបានកើតឡើង ទោះបីជាពួកយើងដឹងក្នុងចិត្ត​យ៉ាងច្បាស់ថាពួកគេវិលមកវិញ​បានត្រឹមតែជាសាកសពតែប៉ុណ្ណោះ»។

គួរបញ្ជាក់ដែរថា មជ្ឈូសសាកសពរបស់កីឡាការក្លឹប Chapecoense ត្រូវបានកំណត់ពេលវេលាថា​នឹងមកដល់ក្រុង Chapeco តាមរយៈយន្តហោះដឹកជញ្ជូន​របស់ទ័ពអាកាសកូឡុំប៊ី នៅម៉ោងប្រហែល ៧៖០០នាទីព្រឹកថ្ងៃសៅរ៍ (ម៉ោងក្នុងប្រទេសប្រស៊ីល)៕