(តេហេរ៉ង់)៖ រដ្ឋាភិបាលអ៊ីរ៉ង់បានបញ្ចេញប្រតិកម្មចំពោះ ការបោះឆ្នោតសម្រេចរបស់សភាអាមេរិក​សំដៅបន្ថែម​រយៈពេល ១០ឆ្នាំទៀតទៅលើច្បាប់ស្តីពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេស​អ៊ីរ៉ង់​ឬហៅកាត់ថា (ISA) ដោយថាទង្វើនេះបានរំលោភបំពាន​នូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ជាមួយនឹង​មហាអំណាចពិភពលោកទាំង០៦ រួមមាន អាមេរិក រុស្ស៊ី ចិន បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ លើការគ្រប់គ្រងសកម្មភាពនុយក្លេអ៊ែរ​របស់ទីក្រុងតេហេរ៉ង់ ហើយថែមទាំងបានព្រមានថា​នឹងធ្វើការ​សងសឹក​តបតទៅវិញទៀតផង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍​ ទី០៣ ខែធ្នូ ឆ្នាំ២០១៦។ ​

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Ghasemi បានថ្លែងនៅចំពោះមុខបណ្តាអ្នក​សារព័ត៌មាន​ថា «ការបន្ថែមរយៈពេលនៃដាក់ទណ្ឌកម្មដោយសភារបស់អាមេរិក គឺជាការរំលោភ​បំពាន​លើកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ទាំងស្រុង ហើយយើងនឹងរាយការណ៍ពីបញ្ហានេះទៅកាន់​គណៈកម្មាការអ៊ីរ៉ង់​ដែលទទួលបន្ទុកពិនិត្យតាមដាន​ការអនុវត្តន៍នូវកិច្ចព្រម​ព្រៀងនេះ»

ជុំវិញបញ្ហានេះដែរកាលពីខែវិច្ឆិកាកន្លងទៅ ប្រមុខដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់លោក Ayatollah Ali Khamenei ក៏ធ្លាក់បានបញ្ជាក់ម្តងរួចមកហើយដែរថា ការបន្ថែមរយៈពេលណាមួយទៅលើការ​ដាក់ទណ្ឌកម្ម នឹងចាត់ទុកថាជាការបំពាននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយលោកបានព្រមមានថានឹងធ្វើការសងសឹក​តបតទៅវិញជាក់ជាមិនខាន។

សម្រាប់លោក Bahram Ghasemi បានបញ្ជាក់ដូច្នេះទៀតថា «ប្រទេសអ៊ីរ៉ង់បានបង្ហាញពីការ​ប្តេជ្ញាចិត្ត​ដ៏មុះមុត​ចំពោះកិច្ចព្រមព្រៀងអន្តរជាតិរបស់ខ្លួន ប៉ុន្តែពួកយើងក៏បានរៀបចំលក្ខណៈរួចជាស្រេចផងដែរ​សម្រាប់ទប់ទល់នឹងកាលៈទេសៈមិនប្រក្រតីណាមួយ ដែលអាចកើតមានឡើង ហើយយើងត្រៀមខ្លួនជានិច្ច​ដើម្បីការពារសិទ្ធិសេរីរបស់ប្រជាជាតិអ៊ីរ៉ង់ នៅក្រោមស្ថានការណ៍គ្រប់បែបយ៉ាង»

គួរបញ្ជាក់ថាច្បាប់ ISA ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៩៦ ដើម្បីជាការពិន័យទៅលើការវិនិយោគ​នៅក្នុង​វិស័យឧស្សាហកម្មថាមពលរបស់អ៊ីរ៉ង់ និងជារនាំងមិនឲ្យប្រទេសនៅ​តំបន់មជ្ឈិមបូព៌ា​មួយនេះ អាចលទ្ធិភាពធ្វើការអភិវឌ្ឍអាវុធប្រល័យលោកបាននោះ នឹងត្រូវផុតសុពលភាពនាថ្ងៃទី៣១ ខែធ្នូឆាប់ៗ​ខាងមុខនេះ ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះសមាជិកសភាអាមេរិក បានធ្វើការ​បោះឆ្នោតជាឯកច្ឆ័ន្ន​ដើម្បីបន្ថែមពេលវេលាចំនួន ១០ឆ្នាំទៀត ទៅលើការដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្តែមន្រ្តី​រដ្ឋាភិបាលអាមេរិកបានឆ្លើយតបថា វានឹងមិនប៉ះពាល់ដល់កិច្ចព្រម​ព្រៀងនុយក្លេអ៊ែររវាងទីក្រុងតេហេរ៉ង់ និងមហាអំណាចធំៗទាំង ០៦នោះឡើយ ខណៈប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ត្រូវគេរំពឹងថានឹងយល់ព្រមអនុម័តសេចក្តីព្រាងច្បាប់ថ្មីនេះមុនលោកផុតអាណត្តិ៕