(វ៉ាស៊ីនតោន)៖  កូរ៉េខាងជើងបានសម្ដែងការជំទាស់យ៉ាងដាច់ខាត ទៅនឹងដំណោះស្រាយដាក់ទណ្ឌកម្មពី សំណាក់អង្គការសហប្រជាជាតិដោយបានចោទប្រកាន់ថា សមាជិកក្រុមប្រឹក្សាសន្តិសុខ គឺជាអាយ៉ងរបស់ សហរដ្ឋអាមេរិក និងថែមទំាងបានអះអាងថា ខ្លួនគ្មានផ្លូវបោះបង់ចោលអាវុធនុយក្លេអ៊ែរជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅល្ងាចថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦ ។

ការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការបាញ់សាកល្បង​អាវុធនុយក្លេអ៊ែរជាលើកទី៥ របស់កូរ៉េខាងជើងកាលពីខែកញ្ញា។ ក៏ប៉ុន្តែទីក្រុងព្យុងយ៉ាង បានអះអាងថា ខ្លួនមិនអាចទទួលយកបានឡើយ ហើយវាគឺជារឿងអយុត្តិធម៌បំផុតដោយសំអាងថា ប្រទេសភាគច្រើន ដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខ​សុទ្ធតែធ្លាប់បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីល រៀងៗខ្លួន​តែគ្មានដែលឃើញអង្គការសហប្រជាជាតិ ឬសហរដ្ឋអាមេរិកនាំគ្នាអើពើម្ដងណាឡើយ។ នេះបើតាមសេចក្ដីថ្លែងការណ៍​ចេញដោយប្រទេសកូរ៉េខាងជើង។

ជាមួយគ្នានោះដែរនៅក្នុងសេចក្ដីថ្លែងការណ៍នេះដដែលបានឲ្យដឹងតាម របបដឹកនាំក្រុងព្យុងយ៉ាង បានលើកឡើងដូច្នេះថា៖ « អូបាម៉ា និងអាយ៉ងរបស់ខ្លួនពិតជាគិតខុសធ្ងន់ណាល់​ដែលយល់ថា ការដាក់ទណ្ឌកម្មនេះអាចធ្វើឱ្យ កូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែរនោះ។ មួយវិញទៀត វាក៏គ្មានអ្វីធ្វើឱ្យប៉ះពាល់ដល់គោលបំណងក្លាយជា រដ្ឋនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះដែរ»។​

គួរបញ្ជាក់ថាដំណោះស្រាយលេខ ២៣២១ នៃក្រុមប្រឹក្សាសន្តិសុខ UN គឺមានគោលដៅកាត់បន្ថយ​ប្រាក់ចំណូលបានមកពីវិស័យនាំចេញ​របស់កូរ៉េខាងជើង ដោយក្នុងមួយឆ្នាំបើរាប់ទាំងការហាមឃាត់​ការនាំចេញ ធ្យូងថ្ម នីកែល និងទង់ដែងជាដើម របបដឹកនាំក្រុងព្យុងយ៉ាង អាចនឹងខាតបង់ប្រាក់ចំណូល​ជាង ៨០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលនេះអាចជាផ្លូវមួយរាំងខ្ទប់ធនធានកុំឱ្យកូរ៉េខាងជើង យកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែរ៕