(អាមេរិក)៖ សហស្ថានិកនៃក្រុមហ៊ុនកាហ្វេ Starbucks ដ៏ល្បីឈ្មោះបំផុតលោក Howard Schultz នឹងចុះចេញពីតំណែងនាយកប្រតិបត្តិ (CEO) នាឆ្នាំ២០១៧ ដោយបានប្រគល់តួនាទីកំពូលនេះ​ទៅឲ្យ​នាយករៀបចំកិច្ចការ (COO) របស់ក្រុមហ៊ុន និងជាមិត្តភក្តិដ៏ជិតស្និទ្ធម្នាក់គឺលោក Kevin Johnson ជាអ្នកមើលការខុសត្រូវក៏ដូចជា គ្រប់គ្រងនូវមុខជំនួញ​កាហ្វេដែលធំជាងគេបំផុតនៅលើសកលលោក ជាមួយ​និងហាងច្រើនជាង ២៥,០០០កន្លែងនៅ តាមបណ្តាប្រទេសចំនួន ៧៥ជំនួសវិញ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០២ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសមួយនាព្រឹកថ្ងៃសុក្រនេះ លោក Howard Schhultz បាននិយាយថា «ពេលនេះគឺថ្ងៃដ៏សំខាន់មួយសម្រាប់រូបខ្ញុំ។ ខ្ញុំស្រឡាញ់ ក្រុមហ៊ុន Starbucks ប្រៀបដូចទៅនឹងក្រុម​គ្រួសារ​របស់ខ្ញុំអ៊ីចឹង ប៉ុន្តែវាគឺជាវេលាសមរម្យបំផុត​សម្រាប់ធ្វើការផ្ទេរតំណែងទៅឲ្យលោក Kevin Johnson ដែលសក្តិសមក្នុងការដឹកនាំក្រុមហ៊ុនជាងរូបខ្ញុំ»។

លោក Schultz ត្រូវបានគេទទួលស្គាល់ថា ជាអ្នកដែលជួយឲ្យក្រុមហ៊ុនកាហ្វេ Starbucks មានកេរ្តិ៍ឈ្មោះល្បីសុះសាយជុំវិញសកលលោក ដែលស្មើនឹងយីហោដ៏ល្បីៗមួយចំនួន​ទៀតដូចជា McDonald's និង Coca-Cola ជាដើម៕